“វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦” គឺជាព្រឹត្តិការណ៍អប់រំដ៏ធំប្រចាំឆ្នាំ ដែលនឹងត្រៀមទទួលស្វាគមន៍សិស្ស និស្សិត និងសាធារណជនប្រមាណជាង ៧,០០០នាក់
តើអ្វីដែលធ្វើឱ្យអ្នកចូលរួមជាច្រើននាក់ឆ្ពោះទៅកាន់សាលាតិចណូ (ITC) នៅថ្ងៃទី ២៣-២៤ ឧសភា ២០២៦ ខាងមុខនេះ? តស់! ចូលរួមទាំងអស់គ្នា តើថ្ងៃនោះនឹងមានអ្វីខ្លះនៅក្នុងកម្មវិធីនេះ?

តាងនាមគណៈរៀបចំកម្មវិធី មានកិត្តិយសសូមជម្រាបជូនសាធារណជនអំពី «វេទិកាឧត្តមសិក្សា
កម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦» ក្រោមកិច្ចសហការរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធនិស្សិតកម្ពុជានៅបរទេស (CamStudent) សហគមន៍អ្នកស្ម័គ្រចិត្តខេមអេកស៍ (CAMEX) និងក្រុមហ៊ុនសាលាថេក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ក្រោមប្រធានបទ «ការបណ្តុះជំនាញអាទិភាពសម្រាប់កម្ពុជានាថ្ងៃអនាគត»។

វេទិកានេះ ត្រូវបានរំពឹងថានឹងទាក់ទាញអ្នកចូលរួមផ្ទាល់ជាង ៧,០០០ នាក់ និងក្លាយជាព្រឹត្តិការណ៍អប់រំផ្នែកឧត្តមសិក្សា និងអាហារូបករណ៍ដ៏ធំបំផុតមួយប្រចាំឆ្នាំនៅកម្ពុជា។ កម្មវិធីនេះ នឹងប្រមូលផ្តុំសិស្សានុសិស្ស មាតាបិតា អាណាព្យាបាល លោកគ្រូអ្នកគ្រូ តំណាងសាកលវិទ្យាល័យ ម្ចាស់អាហារូបករណ៍ ដៃគូអភិវឌ្ឍន៍ សហគ្រិន និងអ្នកជំនាញពីវិស័យផ្សេងៗ ដើម្បីបង្កើតជាវេទិកាដ៏មានសារៈសំខាន់សម្រាប់យុវជនកម្ពុជា ក្នុងការស្វែងយល់អំពីឱកាសបន្តការសិក្សា អាហារូបករណ៍ និងទិសដៅអាជីពការងារនាពេលអនាគត។

ក្នុងរយៈពេលពីរថ្ងៃនៃកម្មវិធី វេទិកានេះនឹងមានសកម្មភាពសំខាន់ៗជាច្រើន ដូចជា សន្និសីទអប់រំ វេទិកាពិភាក្សា កិច្ចសន្ទនា និងពិព័រណ៍អប់រំ ដែលមានការចូលរួមពីអ្នកជំនាញ អតីតនិស្សិត សហគ្រិន យុវជនដឹកនាំ និងវាគ្មិនអញ្ជើញមកពីក្នុង និងក្រៅប្រទេស។ អ្នកចូលរួមនឹងទទួលបានព័ត៌មាន និងបទពិសោធជាក់ស្តែងពាក់ព័ន្ធនឹងការបន្តការសិក្សានៅកម្ពុជា និងក្រៅប្រទេស ឱកាសអាហារូប
ករណ៍ជាតិ និងអន្តរជាតិ ការអភិវឌ្ឍអាជីព សហគ្រិនភាព និងជំនាញចាំបាច់សម្រាប់អនាគត។

នៅថ្ងៃទី១ កម្មវិធីនឹងចាប់ផ្តើមដោយ ពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងកម្មវិធីអម វេទិកាពិភាក្សាដែលរៀបចំដោយនាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។ នាពេលរសៀលថ្ងៃដដែល នឹងមានកិច្ចសន្ទនាក្រោមប្រធានបទ «បទពិសោធន៍នៃការជ្រើសរើសជំនាញសិក្សាក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ» ដែលនឹងពិភាក្សាលើវិស័យសំខាន់ៗដូចជា សុខាភិបាល បច្ចេកវិទ្យាឌីជីថល វិស្វកម្ម បច្ចេកទេស ច្បាប់ និងទំនាក់ទំនងសាធារណៈ ព្រមទាំងការស្វែងយល់ពីចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់ខ្លួន។

នៅថ្ងៃទី២ CamStudent នឹងរៀបចំវេទិកាស្តីពីអាហារូបករណ៍អន្តរជាតិ រួមទាំងបទបង្ហាញក្រោមប្រធានបទ «សហព័ន្ធនិស្សិតកម្ពុជានៅបរទេស និងផែនទីឱកាសអាហារូបករណ៍ជុំវិញពិភពលោក»។ កម្មវិធីនេះក៏នឹងមានការចែករំលែកបទពិសោធន៍ពីអតីតនិស្សិតកម្ពុជាមកពីក្រៅប្រទេសដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស រុស្ស៊ី ចិន ជប៉ុន សិង្ហបុរី និងបារាំង អំពីដំណើរសិក្សា ការដាក់ពាក្យអាហារូបករណ៍ និងបទពិសោធន៍ជាក់ស្តែងក្នុងការសិក្សានៅក្រៅប្រទេស។

លើសពីនេះ នៅរសៀលថ្ងៃទី ២ ក៏នឹងមានការចូលរួមពីសហគ្រិន ម្ចាស់អាជីវកម្ម និងអ្នកជំនាញពី
វិស័យផ្សេងៗផងដែរ ដើម្បីចែករំលែកការចំណេះដឹងអំពីអាជីព ទីផ្សារការងារ បុគ្គលិកលក្ខណៈនិង
ឱកាសថ្មីៗសម្រាប់យុវជនកម្ពុជាផងដែរ ។

សម្រាប់ផ្នែកពិព័រណ៍អប់រំ នឹងផ្តល់ឱកាសឱ្យសិស្សានុសិស្ស អាណាព្យាបាល និងអ្នកចូលរួមអាចជួបជជែកពិភាក្សាដោយផ្ទាល់ជាមួយសាកលវិទ្យាល័យរដ្ឋ និងឯកជន និងអង្គភាពដៃគូផ្សេងៗ។ សកម្មភាពនេះ មានគោលបំណងជួយបង្កើនការយល់ដឹងអំពីឱកាសសិក្សា កម្មវិធីអាហារូបករណ៍ និងសេវាកម្មអប់រំផ្សេងៗ តាមរយៈបទពិសោធន៍ដែលមានភាពជាក់ស្តែង។


តាងនាមគណៈរៀបចំកម្មវិធី សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលរួមពីសិស្សានុសិស្ស មាតាបិតា អាណាព្យាបាល ស្ថាប័នអប់រំ ម្ចាស់អាហារូបករណ៍ ដៃគូអភិវឌ្ឍន៍ អ្នកតាំងពិព័រណ៍ និងសាធារណជនទូទៅ ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ យើងជឿជាក់ថា វេទិកានេះនឹងចូលរួមលើកកម្ពស់ឱកាសអប់រំ ពង្រឹងសមត្ថភាពយុវជន និងគាំទ្រការអភិវឌ្ឍធនធានមនុស្សសម្រាប់កម្ពុជានាថ្ងៃអនាគត៕



