DAP News
ព័ត៌មានជាតិ

សារមន្ទីរ ស.ស.រ និងសមាគមធនាគារនៅកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញការអប់រំផ្នែកសេដ្ឋកិច្ច

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ហៅកាត់ថា សារមន្ទីរ ស.ស.រ) និងសមាគមធនាគារនៅកម្ពុជា (ABC) បានបន្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបន្តភាពជាដៃគូប្រកបដោយជោគជ័យ ក្នុងការលើកកម្ពស់អក្ខរកម្មសេដ្ឋកិច្ចក្នុងចំណោមយុវជនកម្ពុជា។

ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តិទៅនៅសារមន្ទីរ ស.ស.រ ក្រោមអធិបតីភាព លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងលោកស្រី បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

ផ្អែកលើសមិទ្ធផលដែលទទួលបានក្នុងរយៈពេលពីរឆ្នាំកន្លងមក ការបន្តចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីអំពី «កម្មវិធីវិស័យធនាគារសម្រាប់អក្ខរកម្មសេដ្ឋកិច្ច » បញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វិស័យធនាគារ ក្នុងការលើកកម្ពស់ការអប់រំសេដ្ឋកិច្ច។ គំនិតផ្តួចផ្តើមនេះបង្កើនលទ្ធភាពឱ្យសិស្សានុសិស្សមកពីគ្រឹះស្ថានអប់រំរដ្ឋអាចមកទស្សនាសារមន្ទីរ ស.ស.រ របស់ធនាគារជាតិនៃកម្ពុជា បានកាន់តែច្រើន ដោយមានជំនួយពីដៃគូធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុសំខាន់ៗ ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រសេដ្ឋកិច្ចនិងរូបិយវត្ថុជាតិ។

មកទល់បច្ចុប្បន្ន តាមរយៈគំនិតផ្តួចផ្តើមនេះ ធនាគារឯកជនកម្ពុជាបានរួមចំណែកក្នុងមូលនិធិសម្រាប់ចំណាយលើថ្លៃដឹកជញ្ជូននិងថ្លៃទស្សនា និងបានផ្តល់ឱកាសដល់សិស្សានុសិស្សប្រមាណ ១៥,០០០នាក់ ដែលមកពីគ្រឹះស្ថានអប់រំរដ្ឋក្នុងរាជធានីភ្នំពេញ ពីតំបន់ជាយរាជធានីភ្នំពេញ និងពីខេត្តកំពង់ធំ រតនគិរី ស្ទឹងត្រែង ក្រចេះ និងកំពង់ចាម អាចមកទស្សនាសារមន្ទីរ ស.ស.រ។ ឱកាសអប់រំដ៏មានតម្លៃនេះបានជួយពង្រីកទស្សនវិស័យផ្នែកវប្បធម៌របស់សិស្សានុសិស្ស ស្របពេលដែលពួកគេទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្ររូបិយវត្ថុ និងសេដ្ឋកិច្ចជាតិ។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា « ការបន្តចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងផ្អែកលើលទ្ធផលប្រកបដោយផ្លែផ្កាដែលយើងសម្រេចបានក្នុងរយៈពេលពីរឆ្នាំកន្លងមក និងស្របតាមគោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពរបស់សមាគមធនាគារនៅកម្ពុជា (CSFPs) ក្នុងការកសាងសមត្ថភាព និងលើកកម្ពស់អក្ខរកម្មសេដ្ឋកិច្ច។ ដំណើរស្វែងយល់នៅសារមន្ទីរ ស.ស.រ ផ្តល់ឱ្យសិស្សានុសិស្សនូវចំណេះដឹងដ៏មានតម្លៃ និងឱកាសក្នុងការរៀនសូត្រពីប្រវត្តិសាស្ត្ររបស់យើង ក៏ដូចជាតម្លៃនៃរូបិយវត្ថុផងដែរ» ។

លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរ ស.ស.រ បានមានប្រសាសន៍ថា៖ « យើងខ្ញុំពិតជារីករាយនឹងភាពជាដៃគូដ៏ជោគជ័យនេះ ដែលបានអនុញ្ញាតឱ្យសិស្សានុសិស្សមកពីគ្រឹះស្ថានអប់រំរដ្ឋ រាប់ពាន់នាក់បានមកសិក្សារៀនសូត្រអំពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ប្រទេសកម្ពុជា ព្រមទាំងពង្រឹងបរិយាបន្ននៃសារមន្ទីរ ស.ស.រ ផងដែរ»។

លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានប្រកាសថា « អនុស្សរណៈនៃការយោគយល់គ្នាក្នុងឆ្នាំទី៣នេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងយូរអង្វែង ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់យុវជនកម្ពុជា តាមរយៈកម្មវិធីទស្សនកិច្ចសិក្សានៅសារមន្ទីរ ស.ស.រ »៕

To Top