ព័ត៌មានជាតិ

មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ សហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខន់ថាក់ (Swisscontact) បើកវគ្គបណ្តុះបណ្តាលជំនាញចុងភៅ

ពោធិ៍សាត់៖ ចាប់ពីថ្ងៃទី១២ ខែឧសភា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខន់ថាក់ (Swisscontact) រៀបចំបើកវគ្គបណ្តុះបណ្តាលជំនាញចុងភៅ នៅសហគមន៍រមណីយដ្ឋានទឹកធ្លាក់ល្អៀង ខេត្តពោធិ៍សាត់។

វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមសរុបចំនួន ១២ នាក់ (ស្រី ៩ នាក់) ក្រោមអធិបតីភាព លោក មីលីយ៉ា សុវត្ថិធីប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់, លោក ឡេះ សាហ្វីរីន អភិបាលរងនៃគណៈអភិបាលស្រុកក្រគរ , គឹម សុខពេជ្រ អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃនៃមន្ទីរបរិស្ថានខេត្ត , លោក សំ ប្រាថ្នា គ្រូបង្គោលចុងភៅនៃមន្ទីរទេចរណ៍ខេត្ត , លោកស្រី ថោង សុធា គ្រូបង្គោលនៃកាហ្វេម្លប់សន្តិភាព , លោកស្រី កែវ សេរីវិជ្ជរ៉ា អ្នកសម្របសម្រួលកម្មវិធីកនិង លោក មូល ណែន ប្រធានសហគមន៍រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង។

កម្មវិធីសិក្សាបានផ្តោតលើទ្រឹស្តីចំនួន ១២ ម៉ូឌុលសំខាន់ៗ រួមមាន៖
១. ការធ្វើការប្រកបដោយប្រសិទ្ធភាពជាមួយក្រុមការងារ និងបុគ្គលិកផ្ទះបាយ
២. ការអនុវត្តអនាម័យ និងវិន័យនៅកន្លែងធ្វើការ
៣. ការលាងសម្អាត និងថែទាំឧបករណ៍ផ្ទះបាយ
៤. បច្ចេកទេសមូលដ្ឋាននៃការចម្អិនម្ហូប
៥. គោលការណ៍ និងការអនុវត្តវិជ្ជាជីវៈរបស់ចុងភៅ
៦. ការរៀបចំម្ហូបពីស៊ុត និងវិធីចម្អិនស៊ុតបែបផ្សេងៗ
៧. ការរៀបចំទឹកស៊ុប និងទឹកជ្រលក់តាមប្រភេទ
៨. ការរៀបចំស៊ុប
៩. ការរៀបចំអាហារដំបូង និងសាឡាដ (បែបខ្មែរ និងអន្តរជាតិ)
១០. ការរៀបចំអាហារចម្បង
១១. ការរៀបចំប៉ាស្តា និងបាយ
១២. ការរៀបចំបង្អែមបែបអាស៊ី។

បន្ថែមពីនេះ សិក្ខាកាមក៏ទទួលបាន បច្ចេកទេសគន្លឹះក្នុងផ្នែកផ្ទះបាយ រួមមាន៖
• វិធីសាស្ត្រចម្អិនម្ហូបតាមប្រភេទផ្សេងៗ
• ការប្រើប្រាស់រូបមន្តស្តង់ដារ (ការវាស់វែង និងថ្លឹងទម្ងន់)
• សិល្បៈនៃការរៀបចំ និងតុបតែងម្ហូបលើចាន
• ការគ្រប់គ្រងចំណាយ និងការសន្សំសំចៃ
• អនាម័យ និងសុវត្ថិភាពចំណីអាហារ
• ការរៀបចំរូបមន្តឱ្យស្របតាមស្តង់ដារបច្ចេកទេស
• ការយកចិត្តទុកដាក់លើបរិស្ថាន តាមរយៈការកាត់បន្ថយប្លាស្ទិក និងការគ្រប់គ្រងកាកសំណល់ផ្ទះបាយ

វគ្គបណ្តុះបណ្តាលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈផ្នែកម្ហូបអាហារ លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងគាំទ្រការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ឱ្យមានចីរភាព៕

ប្រភព÷មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top