ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យសមាគម អង្គការសង្គមស៊ីវិល និងសហគមន៍នានា ពិគ្រោះយោបល់ការងារជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ណែនាំឲ្យសមាគម អង្គការសង្គមស៊ីវិល និងសហគមន៍នានា ត្រូវសហការពិគ្រោះយោបល់ការងារ ជាមួយអាជ្ញាធរមូលដ្ឋាន ពេលមានបញ្ហាប្រឈមផ្សេងៗ ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ នៃវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្តកំពង់ចាម និងសមាគម អង្គការសង្គមស៊ីវិល និងសហគមន៍នានា ប្រចាំខេត្តកំពង់ចាម ធ្វើនៅសាលាខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ទៀតថា ឆ្លងតាមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្តកំពង់ចាម និងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានាប្រចាំខេត្តកំពង់ចាម ក្នុងរយៈពេលពេញមួយព្រឹកនេះ លោក សង្ឃឹម និងជឿជាក់ថា លោក លោកស្រី សមាជិក សមាជិកានៃអង្គវេទិកាទាំងមូល ពិតជាទទួលបាននូវពុទ្ធិបន្ថែមទៀត ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការធានានូវនីត្យានុកូលភាព នៃការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនក្រោមក្របខណ្ឌនីតិរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានសូមស្នើសមាជិក សមាជិកានៃអង្គវេទិការយកស្មារតីនៃការពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាក្នុងវេទិកានេះ បន្តផ្សព្វផ្សាយចែករំលែកដល់បុគ្គលពាក់ព័ន្ធ ជាពិសេសសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ក្នុងការអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួន ដោយអនុលោមតាមច្បាប់ជាធរមាន និងចៀសវាងដាច់ខាតការធ្វើសកម្មភាពណាមួយ ដែលបង្កផលប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សាធារណៈរបស់ សង្គមជាតិយើង។

លោកអភិបាលខេត្តបន្តថា ឈរលើស្មារតីនេះ ក្នុងនាមរដ្ឋបាលខេត្ត សូមស្វាគមន៍ទទួលយកនូវអនុសាសន៍ សំណើ និងសំណូមពរនានាពីគ្រប់ភាគីពាក់ព័ន្ធ ទាំងខាងសមាគម អង្គការសង្គមស៊ីវិល ទាំងខាងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីយកមកពិនិត្យពិចារណា និងដាក់ចេញនូវវិធានការដំណោះស្រាយសមស្របសម្រាប់អនុវត្តឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top