តំណាងរោងចក្រ ក្រុមហ៊ុន ហុងរួចជា ហ្គាម៉ិន ខេមបូឌា ឯក ចេញបំភ្លឺថា រោងចក្រខ្លួនមិនបានពាក់ព័ន្ធករណីដុតកាកសំណល់បង្ហុយផ្សែងខ្មៅ នៅភូមិបែកចាននោះទេ
ភ្នំពេញ៖ លោក ឈាង ឧត្តម ប្រធានរដ្ឋបាល និង ជាតំណាង រោងចក្រ ក្រុមហ៊ុន ហុងរួចជា ហ្គាម៉ិន ខេមបូឌា ឯក បានចេញមកបំភ្លឺថា រោងចក្រខ្លួនមិនបាន ពាក់ព័ន្ធករណីដុតកាកសំណល់ បង្ហុយផ្សែងខ្មៅ ធ្វើអោយប៉ះពាល់សុខភាពសាធារណៈ នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាលនោះទេ។

សូមរំលឹកផងដែរថា ប្រជាពលរដ្ឋរស់នៅភូមិឃុំខាងលើ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងរងទុក្ខដោយសារផ្សែងខ្មៅដែលភាយចេញពីការដុតកាកសំណាល់កំទេចក្រណាត់ និង កាកសំណល់ពីរោងចក្រនៅក្នុងតំបន់ ដែលបង្កឲ្យមានក្លិនឈ្ងៀម និង ធ្លាក់កំទេចផេះ ចូលក្នុងផ្ទះ អាងទឹក និង សម្លៀកបំពាក់ ។ល។

សាវតារឿង
ពលរដ្ឋនៅបែកចានត្អូញត្អែរ៖ រោងចក្រ ដុតកាកសំណល់បង្ហុយផ្សែងខ្មៅ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ តែអាជ្ញាធរហាក់នៅស្ងៀម
កណ្តាល៖ ប្រជាពលរដ្ឋរស់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កំពុងសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង និងរងទុក្ខដោយសារផ្សែងខ្មៅដែលភាយចេញពីការដុតកំទេចកំណាត់ក្រណាត់ និងកាកសំណល់ផ្សេងៗក្នុងរោងចក្រ ដែលបង្កឱ្យមានក្លិនឈ្ងៀមអាហារ និងធ្លាក់កំទេចផេះចូលក្នុងផ្ទះសម្បែង អាងទឹក និងសម្លៀកបំពាក់។
តាមការបញ្ជាក់ពីអ្នកភូមិ បញ្ហានេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាព ជាពិសេស ក្មេងតូចៗ និងស្ត្រីសរសៃខ្ចី ងាយរងគ្រោះដោយសារខ្យល់អាកាសមិនបរិសុទ្ធ និងក្លិនពុល។ កំទេចខ្មៅៗបានធ្លាក់ចូលក្នុងពាងទឹក និងអាងទឹក ដែលមិនអាចឱ្យពួកគាត់ប្រើប្រាស់បានតាមធម្មតា។
ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ធ្លាប់បានរាយការណ៍ជូនអាជ្ញាធរឃុំបែកចានជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែរោងចក្រនៅតែបន្តដុតកាកសំណល់យ៉ាងសកម្មជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ម៉ោង ៧:០០ ព្រឹក ដល់ ៦:០០ ល្ងាច ដោយមិនមានការកោតញញើតឡើយ។
ជាក់ស្តែង នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៦ ភ្នាក់ងារមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល បានចុះទៅដល់ទីតាំងផ្ទាល់ និងបានឃើញទិដ្ឋភាពផ្សែងខ្មៅហុយពេញផ្ទៃមេឃ ដូចការរាយការណ៍មែន។ ទោះបីជាមានការជូនដំណឹងបន្តទៅកាន់សមាជិកក្រុមប្រឹក្សាឃុំ និងរដ្ឋបាលស្រុកអង្គស្នួលយ៉ាងណាក្តី ក៏គេនៅមិនទាន់ឃើញមានវិធានការច្បាប់តឹងរ៉ឹងណាមួយ ពីសំណាក់មន្ត្រីជំនាញ ជាពិសេស លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល នៅឡើយទេ។
បច្ចុប្បន្ន សាធារណជន និងប្រជាពលរដ្ឋដែលរងគ្រោះ កំពុងរង់ចាំមើលចំណាត់ការ និងការបកស្រាយពីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសង្គ្រោះបរិស្ថាន និងសុខុមាលភាពរបស់អ្នកភូមិបែកចាន៕
