DAP News
ព័ត៌មានជាតិ

ក្រសួងកសិកម្ម ជំរុញការបង្កើតសហគមន៍កសិកម្មទំនើបជូនដល់ជនភៀសសឹក នៅខេត្តព្រះវិហារ ដើម្បីពង្រឹងសន្តិសុខស្បៀង និងសេដ្ឋកិច្ចគ្រួសារ

ខេត្តព្រះវិហារ ៖ ក្នុងគោលដៅលើកកម្ពស់កម្រិតជីវភាព និងប្រែក្លាយតំបន់ជម្រកបណ្ដោះអាសន្នឱ្យទៅជាតំបន់ផលិតកម្ម កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងរដ្ឋបាលខេត្តព្រះវិហារ បានចុះជួបសំណេះសំណាល និងផ្សព្វផ្សាយដោយផ្ទាល់អំពីគម្រោងកសិកម្មថ្មីៗ ជូនដល់បងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅតាមបណ្តោយព្រំដែន។

ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) រួមជាមួយ

លោក គីម រិទ្ធីអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នៅទីតាំងជម្រកបណ្ដោះអាសន្ន ភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន។

គម្រោងបានណែនាំពីបច្ចេកទេស និងការគាំទ្រដល់បងប្អូនជនភៀសសឹកក្នុងការចិញ្ចឹមមាន់ស្រែ ដែលជាមុខរបរមានសក្តានុពលទីផ្សារខ្ពស់ និងងាយស្រួលគ្រប់គ្រងក្នុងលក្ខណៈគ្រួសារ ដើម្បីបង្កើតចំណូលបន្ថែមប្រចាំថ្ងៃ។

លោក ឃឹម ហ្វីណង់ បានលើកឡើងពីសារៈសំខាន់នៃការចងក្រងជាសហគមន៍កសិកម្មទំនើប។ នេះគឺជាយន្តការថ្មីមួយដែលជួយឱ្យកសិករមានលទ្ធភាពទទួលបានទុន ទីផ្សារច្បាស់លាស់ និងបច្ចេកវិទ្យាទំនើប ដើម្បីកាត់បន្ថយហានិភ័យ និងបង្កើនប្រាក់ចំណេញ។

ឯកឧត្តម គីម រិទ្ធី បានសង្កត់ធ្ងន់ថា ការចុះមកដល់ទីតាំងផ្ទាល់នេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល និងតំបន់ជម្រកបណ្តោះអាសន្ន ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។

សហគមន៍កសិកម្មទំនើប ក្រសួងកសិកម្មមានបំណងចង់ឱ្យបងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះ ផ្លាស់ប្តូរពីការធ្វើកសិកម្មបែបធម្មតា មកជាកសិករអាជីព ដែលមានការគ្រប់គ្រងរួមគ្នា មានផែនការផលិតច្បាស់លាស់តាមតម្រូវការទីផ្សារ និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

សកម្មភាពនេះមិនត្រឹមតែជួយដោះស្រាយបញ្ហាចំពោះមុខរបស់ជនភៀសសឹកប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រយូរអង្វែងក្នុងការអភិវឌ្ឍតំបន់ព្រំដែន ឱ្យក្លាយជាខ្សែក្រវាត់សេដ្ឋកិច្ចដ៏រឹងមាំ តាមរយៈវិស័យកសិកម្មទំនើប៕

ដោយ៖ សួន ពិសិតដើមអម្ពិល

To Top