អគ្គនាយកដ្ឋាន ក.ប.ប. ហាមឃាត់ការចូល ផលិតផលទំនិញស្ករស បំពាក់ម៉ាកសញ្ញាថៃ
ភ្នំពេញ ៖ អគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានហាមឃាត់ការចូល លក់ ចែកចាយ ផ្គត់ផ្គង់ ឬវេចខ្ចប់ឡើងវិញនូវផលិតផលទំនិញស្ករស បំពាក់ម៉ាកសញ្ញាថៃ KBS REFINED SUGAR និង TRR GROUP REFINED SUGAR ។

សេចក្តីជូនដំណឹងរបស់ប្រជែង ក.ប.ប. នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ការហាមឃាត់នេះ ក្រោយក.ប.ប. ចូលរួមជាមួយកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពត បានរកឃើញថា មានផលិតផលទំនិញស្ករស ច្រកបាវមានស្លាកសញ្ញាជាអក្សរថៃ និងត្រូវបានយកមកវេចខ្ចប់ឡើងវិញ ប្តូរបាវមានស្លាកសញ្ញា ជាអក្សរវៀតណាម ក្នុងចេតនា នៃការបន្លំប្រភព ហើយសង្ស័យអាចមានការចែកចាយលក់ នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ។
ក្នុងន័យនេះ ដើម្បីអនុវត្តនីតិវិធីអង្កេតជាបន្ត អគ្គនាយកដ្ឋាន ក.ប.ប. ស្នើសុំពាណិជ្ជករ អាជីវករជាអ្នកនាំចូល លក់ និងចែកចាយ មិនត្រូវនាំចូល លក់ ចែកចាយ ផ្គត់ផ្គង់ ឬ វេចខ្ចប់ឡើងវិញ នូវផលិតផលទំនិញស្ករសបំពាក់ម៉ាកសញ្ញាថៃ ឬស្ករសច្រកបាវមានភ្ជាប់ម៉ាកសញ្ញាអក្សរវៀតណាម ក្នុងចេតនាក្លែងបន្លំប្រភពនៃទំនិញ ជាដាច់ខាត។

ចំពោះពាណិជ្ជករ អាជីវករជាអ្នកលក់ ចែកចាយបន្ត មិនត្រូវលក់ ចែកចាយ ឬវេចខ្ចប់ឡើងវិញ ផលិតផលទំនិញស្ករសបំពាក់ម៉ាកសញ្ញាថៃនេះ ត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីអនុវត្តនីតិវិធីអង្កេតដាន ស្វែងរកប្រភពផលិតនាំចូល ចែកចាយផលិតផលទាំងនោះ និងយកសំណាកគំរូមកវិភាគនៅមន្ទីរពិសោធន៍ ដើម្បីស្វែងរកមុខសញ្ញានៃគ្រោះជាយថាហេតុ ជាពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ សុវត្ថិភាពផលិតផល សម្រាប់លក់ជូនអ្នកប្រើប្រាស់ ។
ចំពោះអ្នកប្រើប្រាស់ និងសាធារណជន ត្រូវជៀសវាងការទិញផលិតផលទំនិញស្ករសបំពាក់ម៉ាក សញ្ញាថៃនេះ ព្រមទាំងរាយការណ៍មកអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងករណីសង្ស័យមានផលិតផលទំនិញមិនប្រក្រតីណាមួយលក់ ចែកចាយ ផ្គត់ផ្គង់ ក្នុងទីផ្សារកម្ពុជា៕
