ព័ត៌មានជាតិ

លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី ៖ ការតាំងបង្ហាញរថយន្ត GAZ ការបើកទំព័រថ្មី មួយទៀតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេទាំងពីរ កម្ពុជា-រុស្ស៊ី ឲ្យតែរឹងមាំ និង មានផ្លែផ្កា

ភ្នំពេញ៖ ការដាក់បង្ហាញតាំង និងបើកបរសាកល្បងយានយន្តទំនើប GAZ របស់ប្រទេសរុស្ស៊ីសម្រាប់ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ និង ១៦ ខែឧសភា ឆ្នាំ២៩២៦ នៅសាលសន្និសីទសណ្ឋាគារសុខាភ្នំពេញ ទីក្រុងភ្នំពេញ ដោយមានការគាំទ្រពីស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា និងអគារពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី។

នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ តំណាងលោក វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក Cham Nimul រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងតំណាងសហគមន៍ធុរកិច្ចផ្សេងៗបានចូលរួមក្នុងព្រឹត្តិការណ៍នេះនៅសាលសន្និសីទសណ្ឋាគារសុខាភ្នំពេញ ទីក្រុងភ្នំពេញ ។

លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា ក្នុងនាមលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ខ្ញុំសូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះ សមាគមពាណិជ្ជករកម្ពុជា-រុស្ស៊ី (CRTH) និងក្រុមហ៊ុន GAZ បានសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំ ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះឡើង។ នេះមិនត្រឹមតែជាការតាំងបង្ហាញរថយន្តប៉ុណ្ណោះទេ ប៉ុន្តែជាការបើកទំព័រថ្មី មួយទៀតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេទាំងពីរ កម្ពុជា-រុស្ស៊ី ឲ្យតែរឹងមាំ និង មានផ្លែផ្កា។ ដូចដែលយើងទាំងអស់គ្នាបានជ្រាបហើយថា ទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី គឺជាទំនាក់ទំនងមិត្តភាពជាប្រពៃណី ដ៏យូរអង្វែង។

ក្នុងបរិបទថ្មីនៃសកលភាវូបនីយកម្ម រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១»។ ក្នុងនោះ ការជំរុញកំណើនសេដ្ឋកិច្ច ការលើក កម្ពស់សមត្ថភាពប្រកួតប្រជែង និងការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិក គឺជាអាទិភាពដ៏សំខាន់បំផុត។ ការសម្រេចចិត្តរបស់ក្រុមហ៊ុន GAZ ក្នុងការឈានជើងចូលមកកាន់ទីផ្សារកម្ពុជា នាពេលនេះ គឺចំពេលដែលកម្ពុជា កំពុងត្រូវការជាចាំបាច់នូវមធ្យោបាយដឹកជញ្ជូនដែលមានប្រសិទ្ធភាពខ្ពស់ តម្លៃសមរម្យ និងមានភាពធន់។

លោករដ្ឋលេខាធិការប្រចាំការ បានបន្តថា រថយន្ត GAZ គឺជាផលិតផលដែលបង្កប់នូវបច្ចេកវិទ្យាវិស្វកម្មដ៏ចំណានរបស់រុស្ស៊ី ត្រូវបានទទួលស្គាល់ទូទាំងពិភព លោកថាជាដៃគូដ៏រឹងមាំ និងស័ក្តិសមបំផុតសម្រាប់គ្រប់ស្ថានភាពផ្លូវ និងអាកាសធាតុ។ តើវត្តមានរបស់ GAZ ផ្តល់សារៈសំខាន់អ្វីខ្លះដល់កម្ពុជា? ការគាំទ្រសហគ្រាសធុនតូច និងមធ្យម (SMEs) ៖ រថយន្តពាណិជ្ជកម្មធុនស្រាល គឺជាសរសៃឈាមនៃអាជីវកម្ម ខ្នាតតូច។ តាមរយៈរថយន្ត GAZelle NN និង Sobol NN ធុរជនយើងនឹងមានជម្រើសថ្មីដែលជួយកាត់បន្ថយ ចំណាយប្រតិបត្តិការ និងបង្កើនប្រាក់ចំណេញ។ ២. ការជំរុញវិស័យឡូជីស្ទិក ៖ ការតភ្ជាប់ពីទីក្រុងទៅកាន់ជនបទ និងការដឹកជញ្ជូនទំនិញកសិផល នឹងមានភាព ងាយស្រួលជាងមុន។ នេះគឺជាការចូលរួមចំណែកដោយផ្ទាល់ក្នុងការកាត់បន្ថយថ្លៃដើមដឹកជញ្ជូននៅកម្ពុជា ដែល ជាកត្តាគន្លឹះក្នុងការទាក់ទាញការវិនិយោគ។

លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី បានបន្ថែមថា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ សមាគមពាណិជ្ជករកម្ពុជា-រុស្ស៊ី បានខិតខំសម្របសម្រួលឱ្យមានព្រឹត្តិការណ៍នេះ។ តួនាទីរបស់សមាគមគឺសំខាន់ណាស់ ក្នុងការធ្វើជាអ្នកតម្រង់ទិស និងផ្តល់ទំនុកចិត្តដល់វិនិយោគិន។ ខ្ញុំសូមលើក ទឹកចិត្តឱ្យសមាគមបន្តសកម្មភាពបែបនេះបន្ថែមទៀត មិនត្រឹមតែក្នុងវិស័យយានយន្តប៉ុណ្ណោះទេ ប៉ុន្តែគួរពង្រីកទៅ កាន់វិស័យសក្តានុពលដទៃទៀត ដូចជា កសិ-ឧស្សាហកម្ម ការកែច្នៃអាហារ ថាមពលស្អាត និងវិស័យឌីជីថល ដែល រុស្ស៊ីមានបទពិសោធន៍ និងបច្ចេកវិទ្យាខ្ពស់។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់ធុរជន និងវិនិយោគិនទាំងអស់ ដែលមានវត្តមាននៅទីនេះ សូមប្រើប្រាស់ វេទិកានេះ ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងរកឱកាសសហការគ្នា។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្តីការ គណៈរដ្ឋមន្ត្រី និងក្រសួងស្ថាប័នពាក់ព័ន្ធ តែងតែត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងបង្កលក្ខណៈ ងាយស្រួលដល់រាល់ការវិនិយោគដែលផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជន៕

To Top