សម្តេចធិបតី ៖ អ្នកចូលបម្រើ ជាកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវការអ្នកចេះដឹង
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ របស់កម្ពុជា ត្រូវការមនុស្សចេះដឹង មានសមត្ថភាពគ្រប់គ្រាន់ ព្រោះសពា្វវុធ បច្ចេកវិទ្យាសន្តិសុខ និងបច្ចេកវិទ្យាការពារជាតិ ត្រូវការអ្នកចេះដឹង ។
ការមានប្រសាសន៍ របស់សម្តេចមហាបវរធិបតីបែបនេះ ក្រោយនៅតែមានការបញ្ចេញមតិជាហូរហែរថា អ្នកចូលបម្រើជាទាហាន ឬប៉ូលិស មិនត្រូវការអ្នកចេះដឹង រៀនសូត្រអ្វីច្រើននោះទេ ។
ប៉ុន្តែក្នុងឱកាសអញ្ជើញ ជាអធិបតីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា ទាហានរបស់កម្ពុជា ត្រូវតែចេះជំនាញអ្វីមួយឱ្យប្រាកដ ដើម្បីបង្កើនសមត្ថភាពខ្លួនឯងឱ្យខ្លាំងក្លាពូកែ។
សម្តេចធិបតីមានប្រសាសន៍ថា “បងប្អូនខ្លះយល់ច្រឡំថា ចូលទាហាន អត់រៀន អត់ទេ ទាហានត្រូវការ ប៉ូលិសត្រូវការ ប៉េអឹមត្រូវការ កងកម្លាំងអាវុធ ត្រូវតែជាទំនើប ព្រោះសពា្វវុធ និងបច្ចេកវិទ្យាសន្តិសុខ បច្ចេកវិទ្យាការពារជាតិត្រូវការអ្នកចេះដឹង និងការហ្វឹកហ្វឺនខ្ពស់ ហើយនេះ គឺជាការវិនិយោគ របស់រាជរដ្ឋាភិបាលនៅក្នុងការបង្កើនសមត្ថភាពយោធិន កងនគរបាលជាតិ និងកងរាជអាវុធហត្ថ យើងត្រូវតែធ្វើទៅមុខ សម្រាប់ការវិនិយោគ សម្រាប់ជាតិរបស់យើង” ។
សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា អ្វីដែលសម្តេចបានលើកឡើងនេះ ក្នុងគោលបំណងពង្រឹងសមត្ថភាពកងកម្លាំង នគរបាលជាតិគ្រប់ប្រភេ ទឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជាខឿនការពារជាតិ ទាំងពេលបច្ចុប្បន្ននិងទៅអនាគត ៕
