ព័ត៌មានជាតិ

សម្តេចធិបតី ណែនាំកងកម្លាំងនគរបាលបង្កើនការប្រុងប្រយ័ត្ន និងបំពេញការងារដោយប្រកាន់ខ្ជាប់នូវវិន័យ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំកងកម្លាំងនគរបាលជាតិទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងម្ចាស់ការបំពេញការងារដោយប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងវិជ្ជាជីវៈ។

សារលិខិតក្នុងឱកាសទិវារំលឹកខួបអនុស្សាវរីយ៍ លើកទី៨១ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិកម្ពុជា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា បច្ចុប្បន្នសភាពការណ៍ពិភពលោកកំពុងបន្តវិវត្តន៍ប្រែប្រួលស្មុគស្មាញ ប្រឈមនឹងបញ្ហាវិបត្តិជាច្រើន ដោយមិនអាចកំណត់អំពីពេលវេលាត្រូវបញ្ចប់ច្បាស់លាស់ ដើម្បីឈានទៅរកស្ថិរភាព និងសណ្តាប់ធ្នាប់ ជាប្រក្រតីឡើងវិញនៅឡើយ ហើយក៏បានជះឥទ្ធិពលដល់វិស័យសន្តិសុខ នយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ និងមនុស្សធម៌ជាសកលផងដែរ។

សម្ដេចធិបតី បន្ដថា នៅឆ្នាំ២០២៦ នេះប្រទេសកម្ពុជា បានបន្តបោះជំហានទៅមុខយ៉ាងរឹងមាំ ស្វាហាប់ ស្ថានភាពសង្គម កាន់តែមានភាពល្អប្រសើរ ចំណែកប្រជាពលរដ្ឋរស់នៅសុខសាន្ត និងមានជីវភាពធូរធារជាលំដាប់។

សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ទន្ទឹមនេះ ក៏នៅមានបញ្ហាសេសសល់ និងប្រឈមមួយចំនួនពីប្រភេទបទល្មើសថ្មី បទល្មើសមិនប្រពៃណី បទល្មើសមាន ការចាត់តាំង និងបទល្មើសបច្ចេកវិទ្យាជាដើម ដែលទាមទារឱ្យបងប្អូនទាំងអស់គ្នាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាប់ជានិច្ច និងម្ចាស់ការបំពេញការងារដោយប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ គុណធម៌ មានមនសិការវិជ្ជាជីវៈ និងរៀបចំផែនការប្រទាក់ក្រឡា ត្រៀមសម្រាប់ដោះស្រាយសភាពការណ៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បី ធានាថាប្រទេសរបស់យើងនៅតែបន្តស្ថិតក្នុងដំណើរវិវឌ្ឍន៍ទៅកាន់សេចក្តីសុខ សេចក្តីចម្រើនគ្រប់ទិសទី និង គ្រប់សហគមន៍»៕

To Top