ប្រធាន គ.ជ.ប ជួបសម្តែងការគួរសម ជាមួយប្រធានមូលនិធីសហប្រតិបត្តិការអន្តរជាតិជប៉ុន
ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ បានទទួលជួប លោក តាកេអ៊ុជិ កាហ្ស៊ូគិ (TAKEUCHI Kazuki) ប្រធានមូលនិធីសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា (JICS) ពាក់ព័ន្ធនឹងហិរញ្ញប្បទានរបស់ប្រទេសជប៉ុន សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលជំនួបនេះប្រព្រឹត្តទៅនៅទីស្ដីការ គ.ជ.ប។ ។

នៅក្នុងជំនួបនេះ ប្រធាន គ.ជ.ប បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រធានមូលនិធីសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលបានមកជួបសម្តែងការគួរសមនៅថ្ងៃនេះ។

លោក ប្រាជ្ញ ចន្ទ ក៏បានរំលឹកអំពីសវតារនៃគម្រោងថា រដ្ឋាភិបាលជប៉ុនតែងតែបានជួយប្រទេសកម្ពុជាពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោត តាមរយៈការផ្តល់ជំនួយជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ១៩៩៨ រួមមានជំនួយផ្នែកបច្ចេកទេស សម្ភារ/បរិក្ខារ ហិរញ្ញវត្ថុ និងអ្នកជំនាញការជាដើម។

ថ្មីៗនេះ ក្នុងឆ្នាំ២០២៥ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយឥតសំណងក្រោមគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» ដែលគិតជាទឹកប្រាក់ប្រមាណ ៥,៤០០,០០០ដុល្លារអាម៉េរិក ជូនគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលមាន JICS ជាភ្នាក់ងារទទួលបន្ទុកកិច្ចលទ្ធកម្ម ដើម្បីជ្រើសរើសក្រុមហ៊ុន KDDI Asia Pacific ដែលជាអ្នកផ្គត់ផ្គង់សម្ភារ បរិក្ខារ បច្ចេកទេសម៉ាស៊ីនមេ (Servers) ហើយ JICS ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលការអនុវត្តគម្រោងនេះ ចាប់តាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលប្រគល់ ទទួលសម្ភារ បរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (Servers) ចំនួន ១២មុខ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។

មិនតែប៉ុណ្ណោះ ប្រធាន គ.ជ.ប បានលើកឡើងអំពីវឌ្ឍន៍ភាពនៃការអនុវត្តគម្រោងថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេសនៃអង្គភាពជំនាញរបស់ គ.ជ.ប បាននិងកំពុងសម្រេចនូវវឌ្ឍនភាពសំខាន់ៗ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងដំណើរការបោះឆ្នោត តាមការគ្រោងទុក។

លោកបានសង្កត់ធ្ងន់ថា ជំនួយជាសម្ភារ បរិក្ខារ បច្ចេកទេសម៉ាស៊ីនមេថ្មីនេះ មានកម្រិតបច្ចេកទេសខ្ពស់ជាងមុន ទំនើបជាងមុន ជាបច្ចេកវិទ្យាចុងក្រោយ មានទំហំផ្ទុកធំ មានល្បឿនលឿន ហើយមានប្រព័ន្ធប្រតិបត្តិការ និងសុវត្ថិភាពជំនាន់ចុងក្រោយ ដែលពិតជាមានសារៈសំខាន់ណាស់ និងទាន់ពេលវេលាសម្រាប់ គ.ជ.ប អនុវត្តការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៧ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៨ ព្រមទាំងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ នាពេលខាងមុខ ឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ សំដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាមូលដ្ឋានគ្រឹះក្នុងការធានាស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ននៅព្រះរាជាណាចក្រកម្ពុជា ។

ពាក់ពន្ធនឹងជំនួបនៅថ្ងៃនេះ លោក តាកេអ៊ុជិ កាហ្ស៊ូគិ (TAKEUCHI Kazuki) បានបញ្ជាក់ និងវាយតម្លៃខ្ពង់ចំពោះការខិតខំប្រឹងប្រែងរបស់ គ.ជ.ប ក្នុងការរៀបចំអនុវត្តគម្រោងយ៉ាងមានប្រសិទ្ធភាពល្អ ហើយលោកបានអះអាងថា នឹងបន្តកិច្ចសហប្រត្តិការជាមួយ គ.ជ.ប ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែរឹងមាំបន្ថែមទៀត។

ជាមួយគ្នានេះ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់អំពីជំហរនៃកិច្ចសហប្រត្តិបត្តិការ និងភាពជាដៃគូនាថ្ងៃអនាគត់ថា ជាជំហានបន្ទាប់ គ.ជ.ប កំពុងតែបន្តបណ្តុះបណ្តាលបុគ្គលិកជំនាញ ដើម្បីគ្រប់គ្រង និងថែទាំប្រព័ន្ធទាំងនេះឱ្យបានល្អបំផុត សំដៅធានាបាននូវនិរន្តរភាពនៃការប្រើប្រាស់ឧបករណ៍ឱ្យអស់លទ្ធភាព។

បន្ថែមលើនេះ គ.ជ.ប បាននិងកំពុងពិនិត្យលទ្ធភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូនាថ្ងៃអនាគតជាមួយភាគីជប៉ុន រួមមាន JICS JICA និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង ក្នុងការកែលម្អដំណើរការគ្រប់គ្រងការបោះឆ្នោតឱ្យកាន់តែប្រសើរនៅកម្ពុជា។

សូមជម្រាបជូនថា បន្ទាប់ពីបានបញ្ចប់កិច្ចពិភាក្សាភាគីទាំងពីរ បានចុះទៅត្រួតពិនិត្យប្រព័ន្ធម៉ាស៊ីនមេ ឬ Servers នៅបន្ទប់ម៉ាស៊ីនមេផ្ទាល់តែម្តង៕
