រដ្ឋមន្រ្តីមហាផ្ទៃ ជឿជាក់ថា កងកម្លាំងនគរបាលជាតិ បន្តអភិវឌ្ឍខ្លួនដើម្បីសម្រេចបេសកកម្មដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្រ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជឿជាក់ថា កងកម្លាំងនគរបាលជាតិទូទាំងប្រទេស បន្តអភិវឌ្ឍខ្លួន អភិវឌ្ឍអង្គភាព ដើម្បីសម្រេចបេសកកម្មដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្រ ក្នុងនាមជាសេវាករនៃវិស័យសន្តិសុខ និងជាបង្អែកយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

តាមរយៈសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងឱកាសទិវារំលឹកខួបអនុស្សាវរីយ៍ លើកទី៨១ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិកម្ពុជា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៦ នេះសភាពការណ៍សកលលោកនៅតែបន្តស្ថិតក្នុងស្ថានភាពស្មុគស្មាញ និងប្រែប្រួល មិនអាចប៉ាន់ស្មានបានឡើយ ទោះតិច ឬច្រើន ពិតជាបង្កផលប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា។
លោកឧបនាយករដ្ឋមន្រ្តី បន្ដថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចបហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រទេសជាតិ នឹងបន្តបោះជំហានរីកចម្រើនយ៉ាងរឹងមាំប្រកបដោយចីរភាព និងវិបុលភាព ហើយស្ថានភាពសង្គមកាន់តែមាន ភាពល្អប្រសើរថែមទៀតលើគ្រប់វិស័យ។
ទន្ទឹមនេះ ក៏នៅមានបញ្ហាសេសសល់ និងបញ្ហាប្រឈមមួយចំនួន ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ខឿនសន្តិសុខជាតិ ក៏ដូចជាសន្តិសុខសណ្តាប់ធ្នាប់ផ្ទៃក្នុងប្រទេសរួមមានៈ ស្ថានការណ៍ផុយស្រួយនៃតំបន់ព្រំដែនកម្ពុជា-ថៃ ការចិញ្ចឹមមហិច្ឆតាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាម របៀបបដិវត្តពណ៌ សកម្មភាពនៃបទល្មើសលួច ឆក់ ប្លន់ អំពើជួញដូរមនុស្ស គ្រឿងញៀន និងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។
លោកឧបនាយករដ្ឋមន្រ្តី បន្ថែមថា សកម្មភាពទាំងអស់នេះពាក់ព័ន្ធសំខាន់ចំពោះតួនាទី ភារកិច្ចរបស់កងកម្លាំង នគរបាលជាតិ ដែលទាមទារឱ្យបងប្អូនទាំងអស់គ្នាបន្តលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និង ខិតខំបំពេញការងារដោយប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ គុណធម៌ និងមនសិការវិជ្ជាជីវៈ ដើម្បីរួមគ្នាការពារ សន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម ការពារសមិទ្ធផលជាតិ លើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ព្រមទាំងបម្រើប្រជាពលរដ្ឋដោយ ភក្តីភាព។
លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា «ខ្ញុំមានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កងកម្លាំងនគរបាលជាតិទូទាំងប្រទេសបន្តអភិវឌ្ឍខ្លួន អភិវឌ្ឍអង្គភាព ពង្រឹងការដឹកនាំ និងគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេសការបន្តអនុវត្ត កំណែទម្រង់ លើកកម្ពស់គុណភាព សមត្ថភាពប្រតិបត្តិការ ដើម្បីសម្រេចបេសកកម្មដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្រ ក្នុងនាមជាសេវាករនៃវិស័យសន្តិសុខ និងជាបង្អែកយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងគ្រប់កាលៈទេសៈ»៕
