ព័ត៌មានជាតិ

ទំព័រហ្វេសប៊ុកបរទេសមួយចំនួន បន្លំដាក់ឈ្មោះភាសាខ្មែរ ផ្សាយព័ត៌មានមិនពិតពីបញ្ហាព្រំដែន

ភ្នំពេញ ៖ ក្រសួងការពារជាតិនៃកម្ពុជា បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ មានទំព័រហ្វេសប៊ុកមួយចំនួនដែលក្នុងនោះក៏មានទំព័រហ្វេសប៊ុកបរទេសមួយចំនួនបានដាក់ឈ្មោះជាភាសាខ្មែរ និងបានបន្លំខ្លួនជាជនជាតិខ្មែរ ធ្វើការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងស្ថានការណ៍នៅតាមបណ្តោយព្រំដែន ដោយបំភ្លើស បំភ្លៃការពិត ។

ហ្វេសប៊ុកបរទេសទាំងនោះក៏បានដកស្រង់ចេញពីប្រភពដែលគ្មានមូលដ្ឋានច្បាស់លាស់ ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងបង្កឱ្យមានភាពវឹកវរ ក្នុងគោលបំណង កេងបន្លំ ទាក់ទាញយក View, Like, Share និងដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។ 

ក្នុងន័យនេះ ក្រសួងការពារជាតិ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ ផ្ទៀងផ្ទាត់បាន និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធមួយចំនួន។

ដោយឡែក ពាក់ព័ន្ធនឹងព័ត៌មានអំពីស្ថានភាពនៅតាមបណ្តោយព្រំដែន និងវិស័យការពារជាតិ ក្រសួងការពារជាតិកម្ពុជា នឹងធ្វើការផ្តល់ជូននូវព័ត៌មានដែលផ្អែកលើមូលដ្ឋានច្បាស់លាស់ និងផ្ទៀងផ្ទាត់បានដល់សាធារណៈជនជ្រាប។ 

ចំពោះជនណាដែលធ្វើការក្លែងបន្លំ ផ្សព្វផ្សាយព័ត៌មានមិនពិត ឬមានចេតនាបង្កភាពវឹកវរប៉ះពាល់ដល់សន្តិសុខជាតិ នឹងត្រូវប្រឈមមុខចំពោះច្បាប់៕

To Top