អភិបាលខេត្តពោធិ៍សាត់ យកកូនឈើចំនួន ៤៥០០ ដើមដើម្បីចូលរួមដាំនៅភូមិភាគ៥ ទិសទី៤ ឃុំថ្មដា ស្រុកវាលវែង
ពោធិ៍សាត់៖ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីអបអរសាទរខួបលើកទី១៩ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ឧសភា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦កន្លងមក។

ដោយស្មារតីទទួលខុសត្រូវខ្ពស់ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង-ស្រុក នាំយកកូនឈើ(ប្រភេទដើមឈើច្រេសជាប្រភេទឈើដែលធន់នឹងអាកាសធាតុ) ចំនួន ៤៥០០ដើម ចូលរួមដាំ នៅយោធភូមិភាគ៥ នៅទិសទី៤ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកអភិបាលខេត្ត ក៏បានបង្ហាញពីបច្ចេកទេស និងរបៀបដាំដុះកូនឈើឱ្យបានត្រឹមត្រូវជូនដល់បងប្អូនវីរកងទ័ពជួរមុខ ដើម្បីធានាឱ្យកូនឈើទាំងនោះមានអត្រារស់រានខ្ពស់ ហើយសកម្មភាពនេះមិនត្រឹមតែជាការចូលរួមបង្កើតគម្របបៃតង និងការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់កម្លាំងចិត្ត និងពង្រឹងសាមគ្គីភាពយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលស៊ីវិល ជាមួយវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅជួរមុខផងដែរ៕




ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល
