លោក ខូយ រីដា៖ បងប្អូនវីរកងទ័ពជួរមុខ គឺជាបង្គោលគ្រឹះដ៏រឹងមាំ និងជាខឿនការពារជាតិដ៏មានតម្លៃបំផុត
ពោធិ៍សាត់៖ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដានាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ បានលើកឡើងថា បងប្អូនវីរកងទ័ពជួរមុខទាំងអស់ គឺជាបង្គោលគ្រឹះដ៏រឹងមាំ និងជាខឿនការពារជាតិដ៏មានតម្លៃបំផុត។

ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត និងក្នុងនាមប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ លោកសូមនាំមកនូវនូវសេចក្តីនឹករលឹក និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់បងប្អូន ដើម្បីភាពសុខសាន្តនៃមាតុភូមិ។

លោកអភិបាលខេត្ត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងរៀបចំអាហារសាមគ្គីយ៉ាងកក់ក្តៅ ជូនដល់បងប្អូនវីរកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅសមរភូមិមុខទិសទី៤ នៃយោធភូមិភាគ៥ ក្នុងឃុំថ្មដា ស្រុកវាលវែង ដោយបានការចូលរួមពី លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត, លោកស្រី ឯម ប៉ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ព្រមទាំងលោកអភិបាលរងខេត្ត មន្ត្រីរដ្ឋបាលខេត្ត-ស្រុក និងក្រុមយុវជនសកម្មជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ក៏មានកម្មវិធីបំពាក់កន្សែង ជូនដល់វីរកងទ័ព រួមទាំងទទួលទានអាហារសាមគ្គី និងរាំកម្សាន្តយ៉ាងសប្បាយរីករាយ ដែលរៀបចំឡើងដោយសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ដើម្បីបង្កើតបានជាទិដ្ឋភាពស្និទ្ធស្នាល និងពោរពេញដោយភាពកក់ក្តៅផងដែរ៕




អត្ថបទនេះ÷ រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល
