ព័ត៌មានជាតិ

ក្រុមហ៊ុន GAZ Thanh Dat បង្ហាញរថយន្តរុស្ស៊ីជំនាន់ថ្មី ក្នុងគោលបំណងពង្រីកទីផ្សារដឹកជញ្ជូននៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន GAZ Thanh Dat ដែលជាក្រុមហ៊ុនផលិត និងចែកចាយរថយន្តដ៏លេចធ្លោ បានរៀបចំព្រឹត្តិការណ៍បង្ហាញរថយន្តរុស្ស៊ីទំនើបៗជាច្រើនម៉ូឌែល ជូនដល់តំណាងរាជរដ្ឋាភិបាល និងសហគមន៍ធុរកិច្ចក្នុងប្រទេសកម្ពុជា នាថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ នៅសណ្ឋាគារ សុខា ភ្នំពេញ។

ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី។ ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា និងលោកស្រី ចំ និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមទាំងតំណាងវិស័យឯកជនជាច្រើនរូប។

លោក Mikhail Semenikhin តំណាងរោងចក្រដំឡើង GAZ Thanh Dat បានបញ្ជាក់ថា រថយន្តទាំងនេះត្រូវបានផលិត និងដំឡើងដោយផ្ទាល់នៅរោងចក្រក្នុងប្រទេសវៀតណាម ក្រុងដាណាំង។ 

ក្នុងនោះដែរលោកក៏បានធ្វើបទបង្ហាញអំពីប្រភេទរថយន្តចំនួន ៦គ្រឿង ក្នុងត្រកូល Gazelle និង Sobol ដែលរួមមានទាំងប្រភេទរថយន្តក្រុងខ្នាតតូច Minibuses និងរថយន្តវ៉ែន Vans ត្រូវបានយកមកដាក់បង្ហាញ និងអនុញ្ញាតឱ្យភ្ញៀវកិត្តិយសធ្វើការបើកបរខ្ទង់សាកល្បង ។ 

ក្រុមហ៊ុន GAZ Thanh Dat មានគោលដៅក្លាយជាដៃគូដ៏គួរឱ្យទុកចិត្តសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) ក៏ដូចជាស្ថាប័នរដ្ឋនៅកម្ពុជា។ ជាមួយនឹងការរចនាឡើងដើម្បីធន់នឹងស្ថានភាពផ្លូវ និងអាកាសធាតុក្នុងតំបន់អាស៊ីអាគ្នេយ៍ រថយន្តទាំងនេះត្រូវបានរំពឹងថា នឹងជួយកាត់បន្ថយចំណាយប្រតិបត្តិការ និងបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូន៕

To Top