ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា ពេញចិត្ត និងអបអរសាទរ លទ្ធផលប្រកួតកីឡាឆ្លងកាត់ឧបសគ្គ វគ្គផ្តាច់ព្រ័ត្រ នៅបណ្ឌិត្យសភា នគរបាលកម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គ ពានរង្វាន់ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកស្រី នៅថ្ងៃទី១៧ឧសភា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្ត កោតសរសើរ និងអបអរសាទរចំពោះលទ្ធផលជោគជ័យ នៃការប្រកួតកីឡាឆ្លងកាត់ឧបសគ្គ វគ្គផ្តាច់ព្រ័ត្រ នៅបណ្ឌិតសភានគរបាលកម្ពុជា។

យោងតាមរបាយការណ៍ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គនេះ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងបង្កលក្ខណៈឱ្យនិស្សិត និងសិស្សនគរបាល បានចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពស្របតាមលក្ខណៈបច្ចេកទេស។

ប្រមុខក្រសួងមហាផ្ទៃ បានថ្លែងនូវការអបអរសាទរ និងលើកទឹកចិត្តដល់កីឡាករកីឡា កីឡាការិនី ដែលទទួលបានជ័យលាភី ត្រូវបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពបន្ថែមទៀត។

ដោយឡែក សម្រាប់កីឡាករ កីឡាការិនី ដែលមិនទាន់ទទួលបានជ័យលាភី ឧបនាយករដ្ឋមន្ត្រី បានដាស់តឿនមិនឱ្យមានការបាក់ទឹកចិត្តឡើយ ពោលគឺត្រូវសិក្សាស្វែងយល់បទពិសោធពីការប្រកួត និងពិនិត្យរាល់ចំណុចខ្វះខាតរបស់ខ្លួន ដើម្បីយកទៅកែខៃ វាយតម្លៃ និងបង្កើនការហ្វឹកហាត់បន្ថែមទៀត សំដៅត្រៀមខ្លួនដណ្តើមជោគជ័យក្នុងការប្រកួតព្រឹត្តិការណ៍ក្រោយៗទៀត។

ឧបនាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា តាមរយៈការប្រកួតនេះ កីឡាករ កីឡាការិនី នឹងមានឱកាសចូលរួមការប្រកួតក្នុងកម្រិតប្រហាក់ប្រហែលគ្នានេះ ក្នុងវិស័យកងទ័ព ដែលរៀបចំដោយក្រសួងការពារជាតិ ឬក្រសួងមហាផ្ទៃនាពេលខាងមុខ។ ដូច្នេះ គុណផលដែលសម្រិតសម្រាំង និងទទួលបាននាឱកាសនេះ គឺពិតជាធនធានដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការចូលរួមចំណែកលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាលជាតិ ឱ្យកាន់តែមានភាពរឹងមាំ ម៉ឺងម៉ាត់ និងទាន់សម័យ សំដៅធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញភារកិច្ចការពារជាតិ សន្តិសុខសង្គម និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង៕

To Top