ព័ត៌មានជាតិ

រដ្ឋមន្រ្តីព័ត៌មាន ៖ ការពុលព័ត៌មានក្លែងក្លាយ និងពុលអាហារខុសគ្នា

ភ្នំពេញ ៖ លោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ការពុលព័ត៌មានក្លែងក្លាយនិងពុលអាហារខុសគ្នា ។
ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយជាលើកទី២ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦លោក នេត ភក្ត្រាបានថ្លែងថា ប្រជាពលរដ្ឋគ្រប់ស្រទាប់ ជាពិសេសសិស្សសាលា ត្រូវមើលរំលង នូវព័ត៌មានក្លែងក្លាយ បើសិនជាមិនចង់ពុល ជាមួយនឹងព័ត៌មានក្លែងក្លាយ ។

រដ្ឋមន្រ្តីក្រសួងព័ត៌មានបន្តថា ការចូលរួមប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ គឺដើម្បីការពារខ្លួន កុំឱ្យពុលនឹងព័ត៌មានក្លែងក្លាយ ។

លោកពន្យល់ថា “កាលណាតែបងប្អូនពុលអាហាររាគតែមួយថ្ងៃទេ ឬយ៉ាងច្រើន២ថ្ងៃ ដាក់ថ្នាំជាហើយ ប៉ុន្តែបើបងប្អូនពុលព័ត៌មានវិញ អារម្មណ៍របស់យើង ខួរក្បាលរបស់យើងវិលជុំវិញហ្នឹង មិនដឹងថា តើរកថ្នាំអីដាក់ រកថ្នាំដាក់ គឺទាល់តែមានការពិតយកមកដាក់”។

រដ្ឋមន្រ្តីបន្តថា ដូច្នេះដើម្បីជៀសវាងការពុលព័ត៌មានក្លែងក្លាយ យុវជនជាសិស្សសាលាមិនត្រូវនាំគ្នាមើលព័ត៌មានក្លែងក្លាយ ។ ដើម្បីកុំមើលព័ត៌មានក្លែងក្លាយ ត្រូវផ្ទៀងផ្ទាត់ជាមួយប្រភពនៃការផ្តល់ព័ត៌មាន ។ ម្យ៉ាងទៀតត្រូវមើលទៅលើប្រព័ន្ធផ្សព្វផ្សាយថាតើ មានការផ្សព្វផ្សាយទូលំទូលាយឬច្រើនស្ថាប័នទេ?។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ ក្រសួងព័ត៌មានក្រោមការដឹកនាំដោយលោក នេត្រ ភក្រា្ត បានបើកយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន ។ យុទ្ធនាការនេះ ដើរតួជាប្រព័ន្ធការពារ និងជាយន្តការយុទ្ធសាស្ត្រ ផ្នែកអក្ខរកម្មឌីជីថល ដែលផ្តោតលើការលើកកម្ពស់ សមត្ថភាពយុវជនក្នុងការទប់ស្កាត់ និងជៀសផុតពីអន្ទាក់ នៃឧបាយកលនយោបាយ បោកប្រាស់ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាទំនើប៕

To Top