ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម នាំអំណោយសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ៣៥គ្រួសារ ក្នុង ស្រុកចំការលើ
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំសមាជិក សមាជិកា នាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៣៥គ្រួសារ រស់នៅក្នុងឃុំចំនួន ៤ ក្នុងស្រុកចំការលើ ។

បើតាមលោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាមបានឲ្យដឹងថា ហេតុការណ៍ខ្យល់កន្ត្រាក់ បានកើតឡើង កាលពីម៉ោង ១០យប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះប្រជាពលរដ្ឋ ក្នុងឃុំទាំង៤ របើកសង្កសី និងរបើកក្បឿង រងផលប៉ះពាល់កម្រិតធ្ងន់ មធ្យមនិង ស្រាល ។

ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ និងបានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបី សម្តេច មិនបានអញ្ជើញមកផ្ទាល់ ក៏លោកតែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

សូមបញ្ជាក់ថា អំណោយដែលជូន ពលរដ្ឋរងផលប៉ះពាល់ទាំង ៣៥គ្រួសារនោះ ក្នុង ១គ្រួសារទទួលបាន អង្ករ ២៥គក្រ មី១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹក សុីអុីវ ១យួរ ទឹកពិសាប្រណិត វី-អាក់ទីវ ១កេស និងឃីត ១សម្រាប់។ ចំពោះថវិកា បាន ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះខូចខាតផ្ទះសំបែងទៅតាមទំហំ នៃការខូចខាតដោយគ្រោះមហន្តរាយនោះ។


អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
