ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចុះបំពេញទស្សនកិច្ចមកកាន់ សាម៉ានេអាវែលណេសរីស៊ត និងវេលាអេស្កេបរីស៊ត នៅឃុំអូរសោម ស្រុកវាលវែង

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីរាជការ និងអាជ្ញាធរដែនដីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦នេះ បានអមដំណើរ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះបំពេញទស្សនកិច្ចមកកាន់ សាម៉ានេអា វែលណេស រីស៊ត និងវេលា អេស្កេប រីស៊ត ដែលស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីស្វែងយល់ពីការអភិវឌ្ឍន៍ និងការផ្តល់សេវាកម្មទេសចរណ៍បែបលំហែកាយ និងថែទាំសុខភាព (Wellness Tourism) ដែលកំពុងមានសក្តានុពលខ្លាំង។

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តពោធិ៍សាត់ ព្រមទាំងវិស័យឯកជន បានប្តេជ្ញារួមគ្នាក្នុងការជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តពោធិ៍សាត់ ដើម្បីប្រែក្លាយទៅជាគោលដៅទេសចរណ៍កម្រិតខ្ពស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

យោងតាមការវាយតម្លៃ ឃុំអូរសោម ស្រុកវាលវែង គឺជាតំបន់ដែលមានអំណោយផលខ្លាំងពីធម្មជាតិ ទាំងផ្នែកអាកាសធាតុ ព្រៃភ្នំ និងជីវៈចម្រុះ ដែលស័ក្តិសមបំផុតសម្រាប់ការវិនិយោគ និងបង្កើតជាមជ្ឈមណ្ឌលទេសចរណ៍លំហែកាយ បែបស្ងប់ស្ងាត់ និងការថែទាំសុខភាព។

ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តពោធិ៍សាត់នាពេលនេះ គឺស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងខ្លាំងដល់វិស័យឯកជន ដែលបានចូលរួមចំណែកក្នុងការបង្កើតតំបន់ទេសចរណ៍កម្រិតខ្ពស់ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើតការងារធ្វើជូនប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top