ព័ត៌មានជាតិ

ការងារវាស់វែង និងខណ្ឌសីមា ជាសមត្ថកិច្ចដាច់មុខJBC

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានគូសបញ្ជាក់ ការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែង គឺជាសមត្ថកិច្ចដាច់មុខរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។

ក្នុងសេចក្តីសង្ខេបប្រចាំថ្ងៃ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦លោក ប៉ែន បូណា លើកឡើងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមអាណត្តិដឹកនាំរបស់ហ្វីលីពីន នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព នៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទីដែលយោធាថៃ បានបើកការវាយប្រហារ ដោយកម្លាំង និងបន្ទាប់មក បានរាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រដើម្បីកាន់កាប់ដោយខុសច្បាប់ ដោយបានរារាំងពលរដ្ឋខ្មែរ ជាច្រើនគ្រួសារមិនឱ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាន។

លោកថា ការចុះសង្កេតការណ៍នៅទីតាំងដែលយោធាថៃកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នេះ គូសបញ្ជាក់ពីភាពចាំបាច់និងដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀង ដែលមានស្រាប់ដូចមានចែងក្នុងចំណុចទី៣ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែន ទូទៅ កម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ អាចវិលត្រលប់ទៅ លំនៅដ្ឋានវិញ ដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

អ្នកនាំពាក្យបន្ថែមថា “ឆ្លៀតឱកាសនេះ កម្ពុជាសូមបញ្ជាក់ជូនសាជាថ្មីថា ការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែង គឺជាសមត្ថកិច្ចដាច់មុខរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ ក្នុងន័យនេះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងយោធា ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្មានសមត្ថកិច្ចចង្អុលបង្ហាញខ្សែព្រំដែននៅលើដីជាក់ស្តែងនោះឡើយ។

លោក សង្កត់ធ្ងន់ថា ការងារផ្ទៀងផ្ទាត់ និងបញ្ជាក់ខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនៅលើដីជាក់ស្តែង គឺជាសមត្ថកិច្ចរបស់ក្រុមវាស់វែងចម្រុះ (JSTs) ដែលស្ថិតនៅក្រោម រចនាសម្ព័ន្ធរបស់គណៈកម្មការ JBC នៃភាគីទាំងពីរ។ បន្ថែមពីលើនេះ កម្ពុជាមិនទទួលស្គាល់ដាច់ ខាតនូវការកែប្រែខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលផ្ទុយពីអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម និងផែនទី ៕

To Top