ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
ភ្នំពេញ៖ កម្ពុជាមានឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មីៗនេះ។

តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩២,៥១៩ កន្លែងនៅតាមណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិត្តប័ណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។
ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើតាមក្រសួងការងារដដែល៕
