រដ្ឋមន្ដ្រីអប់រំ ៖ កុមារតូចៗ ដែលទទួលបានការថែទាំ ទំនងជាបញ្ចប់ការសិក្សា ថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សា ដោយជោគជ័យ
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា កុមារតូចៗដែលទទួលបានការថែទាំ ហើយការថែទាំប្រកបដោយវិជ្ជាជីវៈ និងភាពកក់ក្តៅពីក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួន ទំនងជាបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សាដោយជោគជ័យ ដោយកាត់បន្ថយការបោះបង់ការសិក្សា។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រី្ត ហង់ជួន ណារ៉ុន នាឱកាសដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចូលរួមក្នុងកិច្ចពិភាក្សា ស្ដីពី ការជំរុញការសិក្សាក្នុងវ័យកុមារសម្រាប់ពិភពលោកដែលកំពុងផ្លាស់ប្តូរ (Advancing early years learning for a changing world) នៅមជ្ឈមណ្ឌល Queen Elizabeth II ចក្រភពអង់គ្លេស នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។ វេទិកាពិភាក្សានេះ មានការចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងអប់រំនៃប្រទេស Uzbekistan ប្រទេស Colombia និងប្រទេស Slovakia និងភ្ញៀវកិត្តិយសមួយចំនួនទៀតផងដែរ ។
ក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្រី្ត បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងការអប់រំកុមារតូច ដែលដើរតួនាទីសំខាន់ក្នុងការផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍធនធានមនុស្ស។ លោកថា «កុមារតូចៗដែលទទួលបានការថែទាំ ការថែទាំប្រកបដោយវិជ្ជាជីវៈ និងភាពកក់ក្តៅពីក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួន ទំនងជាបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សាដោយជោគជ័យ ដោយកាត់បន្ថយការបោះបង់ការសិក្សា»។

ភស្តុតាងស្រាវជ្រាវ បានបង្ហាញថា ៨០% នៃការតភ្ជាប់រវាងខួរក្បាលរបស់កុមារតូចកើតឡើងរវាងអាយុសូន្យឆ្នាំ និងបីឆ្នាំដំបូងនៃជីវិត។ ក្នុងអំឡុងពេលនេះ ប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលរបស់កុមារអភិវឌ្ឍបានល្អ និងយ៉ាងឆាប់រហ័ស ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍជំនាញបញ្ញា ភាពវៃឆ្លាត និងជំនាញជាមូលដ្ឋានដូចជា ជំនាញសង្គម ភាពក្លាហាន ការអត់ធ្មត់ និងជំនាញទំនាក់ទំនង ដែលជាជំនាញសំខាន់ក្នុងភាពជោគជ័យនៃការសិក្សាពេញមួយជីវិតរបស់មនុស្សម្នាក់។
លោក ឧបនាយករដ្ឋមន្រី្ត បានលើកឡើងបន្ថែមអំពីការផ្ដល់ការអប់រំ និងអភិវឌ្ឍកុមារដែលមានគុណភាព គឺជាការចូលរួមគាំទ្រដល់កុមារទាំងមូលលើការអភិវឌ្ឍការយល់ដឹង សង្គម អារម្មណ៍ និងរាងកាយ ជាពិសេសក្នុងអំឡុងពេលប៉ុន្មានឆ្នាំដ៏សំខាន់បំផុត នៃការលូតលាស់ខួរក្បាល រួមទាំងមូលដ្ឋានគ្រឹះ នៃការរៀនសូត្រ ដ៏រឹងមាំលើភាសា លេខនព្វន្ត និងការដោះស្រាយបញ្ហា ការបង្កើតការត្រៀមខ្លួនសម្រាប់សាលាបឋមសិក្សា និងការកាត់បន្ថយការរៀនឡើងវិញ និងការបោះបង់ចោលការសិក្សា។
លោក ឧបនាយករដ្ឋមន្រី្ត បន្ថែមថា សិស្សដែលចូលរៀនថ្នាក់មត្តេយ្យសិក្សា ទទួលបានលទ្ធផលល្អប្រសើរ ក្នុងការអប់រំបឋមសិក្សា។ ទន្ទឹមនឹងនេះ ការអប់រំកុមារតូច ក៏ជាការរៀបចំសង្គម ដើម្បីដោះស្រាយបញ្ហាប្រឈមទំនើបៗ រួមទាំងការសម្របខ្លួន និងការរៀនសូត្រពេញមួយជីវិត សុខភាព និងសុខុមាលភាព និងភាពធន់នឹងវិបត្តិ៕
