សម្តេចតេជោ នឹងបើកកិច្ចប្រជុំ ជាមួយសម្ព័ន្ធគណបក្ស ទាំង២៩
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងមានកិច្ចជំនួបជាមួយគណបក្ស នយោបាយក្នុងសម្ព័ន្ធភាពចំនួន២៩គណបក្ស នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ស្អែកនេះ ។
លោក ជា ធីរិទ្ធ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ថា ជំនួប នៃគណបក្សសម្ព័ន្ធទាំង២៩គណបក្សនេះ នឹងប្រព្រឹត្តឡើង ក្រោមវត្តមានជាអធិបតី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។

លោកបន្តថា “នៅថ្ងៃទី២០ ឧសភា ស្អែកនេះ នឹងមានជំនួបគណបក្សនយោបាយ គឺជំនួបគណបក្សសម្ព័ន្ធភាពទាំង២៩គណបក្ស នៅវិមាន៧មករា ដូចរាល់ឆ្នាំដែរ ដែលតែងតែមានការជួប រវាងគណបក្សសម្ព័ន្ធទាំង២៩”។
អ្នកនាំពាក្យបន្ថែមថា ក្រោយបញ្ចប់ជំនួបបន្ទាប់ពីពិសារអាហារពេលថ្ងៃត្រង់រួច ក៏នឹងមានសន្និសីទរបស់តំណាងគណបក្សចំនួន៣ធ្វើសន្និសីទរួមគ្នាផងដែរ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំកិច្ចប្រជុំជាមួយគណបក្ស នយោបាយក្នុងសម្ព័ន្ធភាព ចំនួន២៩គណបក្ស ។ គណបក្សនយោបាយទាំង២៩នោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា , គណបក្សខ្មែររួបរួមជាតិ, គណបក្សពន្លឺថ្មី ,គណបក្សសញ្ជាតិកម្ពុជា ,គណបក្សខ្មែរក្រោក,គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សខ្មែរសាធារណរដ្ឋ ,គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ,គណបក្សយុវជនកម្ពុជា ,គណបក្សធម្មាធិបតេយ្យ , គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សកសិករ ,គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សបំណងពលរដ្ឋ, គណបក្សខ្មែរអភិរក្ស, គណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្សនគរប្រជាធិបតេយ្យ, គណបក្សអំណាចប្រជាពលរដ្ឋ , គណបក្សខ្មែរអង្គរ, គណបក្សកម្ពុជា សេរីឯករាជ្យប្រជាធិបតេយ្យ, គណបក្សម៉ូលីណាកា, គណបក្សចលនាប្រជាធិបតេយ្យ, គណបក្សអភិវឌ្ឍន៍កម្ពុជា ,គណបក្សមហានគរ និងគណបក្សសន្តិភាពជាតិ ៕
