ព័ត៌មានជាតិ

សម្តេចតេជោ ឯកភាពដែលកម្ពុជា-ក្រិក មានប្រវត្តិសាស្រ្តយូរអង្វែងដូចគ្នា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែនប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានឯកភាពចំពោះការលើកឡើងរបស់ទូតក្រិកថ្មីដែលថា កម្ពុជានិងក្រិកមានប្រវត្តិសាស្រ្តដ៏យូរអង្វែងដូចគ្នា។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងឱ្យដឹងក្រោយសម្តេចតេជោ អនុញ្ញាតឱ្យលោកស្រី Magadalini Nicolaou ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្រិកប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ថា លោកស្រីលើកឡើងថា កម្ពុជានិងក្រិកមានប្រវត្តិសាស្ត្រ និងប្រវត្តិនៃការកើតឡើងប្រហាក់ប្រហែលគ្នាដែលជាប្រទេសមានប្រវត្តិសាស្ត្រយូរអង្វែងដូចគ្នា ។ លោកស្រីបន្តថា ចំពោះវប្បធម៌ និងអរិយធម៌ដ៏អស្ចារ្យក៏ដូចគ្នា ដែលជាចំណុចមួយដែលលោកជំទាវចាប់អារម្មណ៍ និងពង្រីកបន្ថែមទៀតនៅក្នុងពេលដែលលោកជំទាវបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។

អ្នកនាំពាក្យព្រឹទ្ធសភាបន្ថែមថា ជាកិច្ចឆ្លើយតប សម្ដេចតេជោបានសម្ដែងនូវការពេញចិត្ត ហើយក៏ឯកភាពចំពោះការលើកឡើងរបស់លោកស្រី ជាពិសេសទាក់ទងទៅនឹងប្រទេសទាំងពីរដែលមានប្រវត្តិសាស្ត្រយូរអង្វែងដូចគ្នា។ 

លោក ជា ធីរិទ្ធបញ្ជាក់ថា “សម្ដេចតេជោក៏ទទួលស្គាល់ថាថ្វីត្បិត ប្រទេសទាំងពីរមានប្រវត្តិសាស្ត្រយូរអង្វែង មានអរិយធម៌វប្បធម៌សម្បូរបែបដូចគ្នាក៏ពិតមិន ប៉ុន្តែក្រិកគេអាចចាត់ទុកថាជាប្រទេសមួយដែលចំណាស់ជាងកម្ពុជា និងសម្បូរបែបនូវវប្បធម៌ ហើយជាប្រទេសដែលជាធ្លាប់មានអ្នកប្រាជ្ញច្រើន” ។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា តាមរយៈកិច្ចការរវាងកម្ពុជា-ក្រិក សម្ដេចតេជោសង្ឃឹមថា វត្តមានរបស់លោកជំទាវនឹងជំរុញបន្ថែមទៀតនូវពាណិជ្ជកម្ម សេដ្ឋកិច្ច ក៏ដូចជា

សក្កានុពលផ្សេងៗទៀតដែលប្រទេសទាំងពីរត្រូវពង្រឹងជាមួយគ្នា និងធ្វើយ៉ាងណាឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំជាពិសេស ។ ជាមួយគ្នានេះ សម្ដេចតេជោក៏សង្កត់ធ្ងន់ទៅលើការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិផងដែរ៕

To Top