ព័ត៌មានជាតិ

កម្ពុជា-UN រួមគ្នាសម្រេចបាននូវលទ្ធផលក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងផ្តល់ឱកាសការងារដល់ជនមានពិការភាព និងអតីតពលករមកពីថៃ ក្នុងខេត្តបាត់ដំបង

បាត់ដំបង៖ បន្ទាប់ពីធ្វើទស្សនកិច្ចកម្មវិធីទទួលស្គាល់ជំនាញពីមុន (RPL) និងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន (BEEP) លោក​ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជានិងជាសហប្រធាននៃគណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) បានដឹកនាំគណៈប្រតិភូបន្តធ្វើដំ​ណើរទស្សនកិច្ចសិក្សានៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង និងសិប្បកម្ម តាកាឌា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ដើម្បីឈ្វេង​យល់ពីការភ្ជាប់រវាងកិច្ចគាំពារសង្គម តាមរយៈមូលនិធិជាតិជំនួយសង្គម កម្មវិធីពិការភាព រដ្ឋបាលថ្នាក់ក្រោមជាតិ និងកម្មវិធី TVET ១,៥ លាននាក់។

លោករដ្ឋមន្រ្តី ហេង សួរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាទីមោទនៈនៃការអនុវត្តកម្មវិធី ជាពិសេសជួយឱ្យពួកគាត់ទទួលបានការងារសមរម្យ និងប្រាក់ចំណូលច្រើនជាងមុន បន្ថែមទៅលើការទទួលបានចំណេះដឹង និងវិញ្ញាបនបត្របច្ចេក​ទេសបញ្ជាក់សមត្ថភាព។ លទ្ធផលទាំងនេះគឺជាផលជះវិជ្ជមានមួយពីកម្មវិធី TVET ១,៥ លាននាក់របស់រាជរដ្ឋាភិបាលបានផ្ដល់ជូនប្រជាពលរដ្ឋ និងយុវជនដែលត្រូវការរៀនជំនាញវិជ្ជាជីវៈ។​ ខណៈដែលកម្ពុជាកំពុងបន្តដំណើរឆ្ពោះទៅរកការអ​ភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងរឹងមាំ ការវិនិយោគលើធនធានមនុស្សគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតនៃអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយឯកឧត្តមបានគូសបញ្ជាក់ថាសម័យនេះ ការងារ និងជំនាញរត់រកមនុស្ស។

ទន្ទឹមនេះ លោកក៏បានយកចិត្តទុកដាក់ជម្រុញឱ្យពលរដ្ឋនៅក្នុងតំបន់ដាច់ស្រ​យាលបានទទួលព័ត៌មាន ហើយចុះឈ្មោះចូលរៀនបានច្រើនជាងមុន ដោយក្រសួងនឹងពិចារណាបង្កើនកិច្ចសហការជាមួយភូមិ ឃុំ/សង្កាត់។ បន្ថែមពីនេះ ដើម្បីសម្រួលដល់កង្វះមធ្យោបាយធ្វើដំណើរទៅសាលារៀន ក្រសួងក៏នឹងរៀបចំបញ្ជូនរថយន្តចល័ត និងគ្រូបង្រៀនទៅធ្វើការបណ្តុះបណ្តាលដល់សហគមន៍មូលដ្ឋាន ជាពិសេសលើជំនាញងាយៗដូចជា កែច្នៃផ្លែឈើ អ៊ុតសក់ ឬជួសជុលគ្រឿងម៉ា​ស៊ីនជាដើម។ លោកអំពាវនាវឱ្យប្រជាពលរដ្ឋដែលមិនទាន់មានជំនាញ ការងារ និងប្រាក់ចំណូលមិនទៀងទាត់ឱ្យចូលរួមក្នុងកម្មវិធីនេះ ដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ហើយទទួលបានការងារនៅតាមរោងចក្រ សហគ្រាសជាមួយនឹប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ពី ប.ស.ស ថែមទៀត។

ចំណែកឯលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានសម្តែងនូវក្តីរីករាយដែលចំនួនប្រជាពលរដ្ឋ យុវជន និងអតីតពលករទទួលបានអត្ថប្រយោជន៍ពីកម្មវិធី ក៏ដូចជាការលើកកម្ពស់ជីវភាពតាមរយៈកម្មវិធី TVET ដែលជាមោទនភាពសម្រាប់ខ្លួនឯង និងគ្រួសារ។ លោកស្រីមានប្រសាសន៍ថា ការធ្វើបទបង្ហាញ និងសំណូមពរ គឺការជំរុញឱ្យមានបរិយាបន្នកាន់តែប្រសើរសម្រាប់ជនមានពិការភាព ការកែសម្រួលកម្មវិធីបណ្តុះបណ្តាល ក៏ដូចជាសម្ភារចាំបាច់នានា ដើម្បីឱ្យជនមានពិការភាពអាចទទួលបានឱកាសបណ្តុះបណ្តាល ហើយបន្ទាប់មកអាចទទួលបានការងារធ្វើផងដែរ។ ទាំងនេះគឺជាចំណុចដែលនឹងយកទៅពិភាក្សាក្នុងគណៈប្រឹក្សាភិបាលនៃកម្មវិធី ហើយព្យាយាមស្វែងរកដំណោះស្រាយតាមភាពជាក់ស្តែង។

ក្រុមសិក្ខាកាមដែលជាជនមានពិការភាពជាច្រើនរូបបានបង្ហាញពីបទពិសោធរបស់ខ្លួន និងការទទួលបានអត្ថប្រយោជន៍នៃការចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថាន។ ជាក់ស្តែង លោក ថន រិទ្ធី ដែលធ្លាក់ខ្លួនពិការដោយសារគ្រោះថ្នាក់ចរាចរណ៍បានបើកតូបមួយនាពេលថ្មីៗនេះ ដើម្បីផ្តល់សេវាជួសជុលគ្រឿងអគ្គិសនី ក្រោយពីទទួលបានការបណ្តុះបណ្តាល។ បញ្ហាប្រឈមមួយចំនួននៅក្នុងការអនុវត្តកម្មវិធី ដូចជា ខ្វះអគារសិក្សា កន្លែងស្នាក់នៅ សម្ភារបង្រៀននិងរៀន និងការបោះបង់ការសិក្សាដោយ​សារតែកត្តាជីវភាព ក៏ត្រូវបានលើកយកមកពិភាក្សានាពេលនេះផងដែរ។

តំណាងពីវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងបានបញ្ជាក់ពីកិច្ចខិតខំអនុវត្តកម្មវិធីនេះយ៉ាងសកម្មទៅកាន់សហគមន៍តាមមូលដ្ឋាន តាមរយៈការចុះផ្សព្វផ្សាយដោយផ្ទាល់នៅថ្នាក់ឃុំ/សង្កាត់ និងកៀរគរយុវជន ជាពិសេសពីគ្រួសាររងហានិភ័យ ជនមានពិការភាព និងអតីតពលករពីប្រទេសថៃឱ្យចូលរួមកម្មវិធី TVET ១,៥ លាននាក់។

សូមបញ្ជាក់ថា គណៈប្រឹក្សាភិបាលដែលរួមមាន តំណាងអង្គការ UNESCO, UNICEF, UNIDO, ILO, ទីភ្នាក់ងារ SDC និងដៃគូអភិវឌ្ឍន៍ក៏បានធ្វើទស្សនកិច្ចនៅសិប្បកម្ម តាកាឌា ដើម្បីធ្វើការឈ្វេងយល់ពីការប្រឈម ឱកាសការអភិវឌ្ឍជំនាញនិងបង្កើតការងារសម្រាប់យុវជនផងដែរ៕

To Top