ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន
ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន និង នាយក នាយករង លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យទួលអំពិល ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ដើម្បីធ្វើការផ្សព្វផ្សាយ ដល់សិស្សានុសិស្ស បានជ្រួតជ្រាបពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀនក្នុងសង្គម, ផលប៉ះពាល់របស់ក្មេងទំនើង និងយុទ្ធនាការចុះបង្ក្រាបក្មេងទំនើងរបស់អាវុធហត្ថរាជធានីភ្នំពេញ ជាពិសេសការប្រើប្រាស់បារីអេឡិចត្រូនិក ដែលរយៈកាលកន្លងមក អាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាច្រើនកន្លែង ព្រមទាំងបានដកហូតវត្ថុតាងចម្រុះ រាប់សិបម៉ឺនគ្រឿង។
ស្របតាមបទបញ្ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការ ហាមឃាត់ដាច់ខាត មិនឲ្យនាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុក ចំពោះឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ក៏ដូចជា សេចក្តីណែនាំ របស់ ក្រសួងអប់រំ យុវជន និងកីឡាស្តីពី ការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs) នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ឯកជន គ្រឹះស្ថានបណ្តុះ បណ្តាលគ្រូបង្រៀន អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ ទីកន្លែងបំពេញការងារ ទីកន្លែងហាត់ប្រាណ ទីកន្លែងលេងកីឡា ទីកន្លែងហ្វឹកហាត់កីឡា និងទីកន្លែងប្រកួតកីឡា។
ឆ្លៀតឱកាសនោះ ក្រុមការងារក៏បានបិទនូវលិខិតប័ណ្ណផ្សព្វផ្សាយលេខបន្ទាន់ ១២៩១ ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សដែលបានឃើញបញ្ហាខាងលើ អាចផ្ដល់ដំណឹងមកកាន់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់វិធានការចុះបង្ក្រាបឱ្យបានទាន់ពេលវេលា ហើយ អាវុធហត្ថរាជធានីភ្នំពេញ នឹងរក្សាការសម្ងាត់ជូនផងដែរ៕
