ការស្នើសុំរបស់បងប្អូនអ្នកដឹកជញ្ជូន (រត់កង់បី) ទទួលបានដំណោះស្រាយសះជាលឿនពីក្រសួងការងារ
ភ្នំពេញ៖ នៅទីបំផុតក្រោមការសម្របសម្រួលលឿនរហ័ស និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការស្នើសុំរបស់បងប្អូនអ្នកដឹកជញ្ជូនលើថ្នាលបច្ចេកវិទ្យា (អ្នករត់កង់បី) ដែលតំណាងឱ្យអ្នករត់កង់បីនៅទូទាំងប្រទេស ទទួលបានដំណោះស្រាយសះជាហើយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ក្រោយកិច្ចប្រជុំថា បងប្អូនអ្នករត់កង់បី និងក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន ឯកភាពលើ ៣ចំណុចសំខាន់ៗដែលរួមមាន ការផ្តល់ថវិកាបន្ថែមជូនបងប្អូនអ្នកបើកបរកង់បី ចំនួន ៥០០រៀលក្នុងមួយជើងដំណើរទៅលើតម្លៃអនុវត្តបច្ចុប្បន្នបណ្តោះអាសន្នរយៈពេល ៣ខែចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ និងការកាត់កម្រៃជើងសារមិនឱ្យលើសចំនួន១៥%។ ដោយឡែក ការបិទអេបណាមួយពីក្រុមហ៊ុនទៅកាន់អ្នកបើកបរត្រូវមាននីតិវិធីច្បាស់លាស់និងជូនដំណឹងជាមុនជាចាំបាច់។

លោក ស៊ុន មេសា៖ “នៅថ្ងៃនេះ យើងបានសម្រេចការព្រមព្រៀងសះជាក្រោយកិច្ចប្រជុំជាបន្តបន្ទាប់ដែលធ្វើឱ្យភាគីទាំងពីរ (ក្រុមហ៊ុន និងអ្នករត់កង់បី) សប្បាយចិត្តទទួលយកក្នុងស្មារតីយោគយល់គ្នា។ បញ្ហារបស់បងប្អូនអ្នករត់កង់បីត្រូវបានដោះស្រាយសះជាក្នុងរយៈពេលមួយលឿនរហ័សគួរសមដែលមន្ត្រីជំនាញរបស់យើងធ្វើការភ្លាមៗតាំងពីទទួលបានសំណើដោះស្រាយ។ នេះបានបង្ហាញពីការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រីដែលជាសេនាធិការជូនរាជរដ្ឋាភិបាលលើបញ្ហារបស់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ”។

ក្នុងកិច្ចប្រជុំដែលធ្វើឡើងក្រោមអធិបតីភាពរបស់លោក ទុយ ស៊ីផាន់ និងលោក សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បងប្អូនអ្នករត់កង់បី និងក្រុមហ៊ុនទាំងអស់ បានឯកភាព និងព្រមព្រៀងសហការចូលរួមដោះស្រាយនៅគ្រប់យន្តការរបស់ក្រសួងដោយសន្តិវិធីចំពោះបញ្ហាប្រឈមដែលនៅសេសសល់នានា និងកង្វល់ផ្សេងៗបន្ថែមទៀតនៅពេលខាងមុខ។

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើការអនុវត្តនូវរាល់ការឯកភាពពីគ្រប់ភាគីដើម្បីធានានូវការអនុវត្តប្រកបដោយប្រសិទ្ធភាព។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា ដដែល៕




