ព័ត៌មានជាតិ

បង្ក្រាបទីតាំងសង្ស័យផ្តល់កន្លែងឱ្យអនីតិជនមើលរឿងអាសអាភាស និងរួមភេទ ឃាត់ខ្លួនមនុស្ស ១០នាក់

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានបើកប្រតិបត្តិការចុះពិនិត្យរដ្ឋបាល និងឈានទៅឃាត់ខ្លួនមនុស្សចំនួន ១០នាក់ ក្នុងនោះមានម្ចាស់ទីតាំង ២នាក់ប្តីប្រពន្ធ ដែលរងការសង្ស័យថាបានបើកដៃ និងផ្តល់ទីតាំងលួចលាក់ឱ្យក្រុមក្មេងៗជាអនីតិជន ចូលមកទស្សនាវីដេអូអាសអាភាស និងរួមភេទ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១១:០០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌសែនសុខ និងមានការសម្របសម្រួលនីតិវិធីពីលោក លី គីមស៊ាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ទីតាំងដែលកម្លាំងសមត្ថកិច្ចចុះត្រួតពិនិត្យនោះ ស្ថិតនៅផ្ទះលេខ 60 និងលេខ 68 តាមបណ្តោយផ្លូវ ១០ម៉ែត្រថ្មី ក្នុងបុរីពិភពថ្មីសែនសុខ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ការចុះបង្ក្រាបនេះធ្វើឡើងក្រោយពីទទួលបានបណ្តឹងរាយការណ៍ពីប្រជាពលរដ្ឋមូលដ្ឋាន ដែលសង្កេតឃើញមានក្មេងប្រុស-ស្រីជាច្រើននាក់ បានគេចសាលារៀនមកប្រមូលផ្តុំគ្នាចេញចូលទីតាំងខាងលើ ដោយមានការបិទទ្វារយ៉ាងជិតឈឹង និងគួរឱ្យសង្ស័យ។

នៅក្នុងការចុះពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញ៖ ទីតាំងទី១ (ផ្ទះលេខ 60)៖ មានបន្ទប់ចំនួន ៣ ដែលនៅជាន់ទី១ ក្រុមការងារបានរកឃើញយុវជននិងយុវតី ២នាក់ (ជាអនីតិជន) ស្ថិតក្នុងស្ថានភាពសង្ស័យថាម្ចាស់ទីតាំងផ្តល់កន្លែងឱ្យពួកគេរួមភេទ។ ទីតាំងទី២ (ផ្ទះលេខ 68)៖ មានបន្ទប់ចំនួន ៤។

ក្រោយបញ្ចប់ការត្រួតពិនិត្យ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានសម្រេចឃាត់ខ្លួនមនុស្សសរុបចំនួន ១០នាក់ ដើម្បីនាំយកមកសួរនាំ។ បន្ទាប់ពីឆ្លងកាត់ការសាកសួរ និងផ្ទៀងផ្ទាត់ ជនសង្ស័យ និងអ្នកពាក់ព័ន្ធត្រូវបានបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមច្បាប់។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌ ប្រគល់ជូនការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការជាធរមាន៕

To Top