មន្រ្តីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្តឱ្យអតីតពលករ និងយុវជនចាប់យកឱកាសការងារក្នុងស្រុក ឬក្រៅប្រទេសតាមរយៈក្រុមហ៊ុនស្របច្បាប់ ដើម្បីជៀសវាងការឆបោក
សៀមរាប៖ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» បាននាំយកឱកាសការងារចំនួន ៥ ០៥០កន្លែង ជាមួយនឹងរោងចក្រ សហគ្រាស ក្រុមហ៊ុនធំៗ និងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៧ ទៅជួបសម្ភាសជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ដល់មូលដ្ឋាន ជាពិសេសម្រាប់អតីតពលករពីប្រទសថៃ និងយុវជនកំពុងរកការងារ នៅបរិវេណសាលាបឋមសិក្សាបន្ទាយស្រី ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

អញ្ជើញជាអធិបតីក្នុងវេទិកាដែលមានអ្នកចូលរួមជិត ៧០០នាក់លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជម្រាបជូនប្រជាពលរដ្ឋពីឱកាសការងារក្នុងស្រុកជាង ៩ម៉ឺនកន្លែងនៅតាមរោងចក្រ សហគ្រាសទូទាំងប្រទេស ដែលក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានខិតខំប្រមូលយកមកជូនបងប្អូនដល់មូលដ្ឋាន។ ឯកឧត្តមបញ្ជាក់ថា ការងារគឺជាមាសប្រាក់ អ៊ីចឹងរាជរដ្ឋាភិបាលចែកការងារឱ្យបងប្អូន ក៏ដូចជាចែកមាសប្រាក់ដូច្នោះដែរ ហើយបងប្អូនក៏មិនចំណាយពេលវេលា និងថវិកាដើម្បីដើររកការងារធ្វើដូចពីមុនទៀតនោះផងដែរ។

លោកបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករពីប្រទេសថៃ និងយុវជនកំពុងរកការងារឱ្យចាប់យកឱកាសការងារក្នុងស្រុកទាំងនេះ ដែលមិនត្រឹមតែទទួលបានប្រាក់ចំណូលផ្តត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកដោយផ្ទាល់ក្នុងការកសាងសេដ្ឋកិច្ចជាតិផងដែរ។ បន្ថែមពីនេះ ក៏ទទួលបានអត្ថប្រយោជន៍ដ៏សំខាន់ទាំងពេលបច្ចុប្បន្ននិងអនាគតពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដូចជា៖ ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកសោធននិវត្ត ដែលឯកឧត្តមបានចាត់ទុកថាជា «សំណាញ់សុវត្ថិភាព»។

ជាមួយនឹងការពន្យល់យ៉ាងក្បោះក្បាយពីភាពខុសគ្នារវាងការងារក្នុងស្រុក និងការងារដ៏ប្រថុយប្រថានប្រឈមហានិភ័យ កេងប្រវ័ញ្ចកម្លាំងពលកម្ម រើសអើង និងកង្វះកិច្ចគាំពារសុខភាពនៅប្រទេសថៃ ឯកឧត្តមរដ្ឋលេខាធិការបន្តថា ក្រៅពីការងារក្នុងស្រុក ក្រសួងក៏ផ្តល់ជូនឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព លក្ខខណ្ឌការងារល្អ និងប្រាក់ខែខ្ពស់ជាងប្រទេសជិតខាង ដោយឯកឧត្តមជំរុញឱ្យបងប្អូនជ្រើសរើសក្រុមហ៊ុនដែលចុះបញ្ជិកាស្របច្បាប់ មិនមែនក្រុមហ៊ុន«ខ្សឹប»ដើម្បីជៀសវាងការចាញ់បោកដែលនាំឱ្យខាតទាំងពេលវេលា និងថវិកា។ ក្នុងករណីសង្ស័យត្រូវរាយការណ៍ ឬសួរបញ្ជាក់ទៅអាជ្ញាធរមូលដ្ឋាន ដែលមានបញ្ជីឈ្មោះក្រុមហ៊ុនស្របច្បាប់ ឬទាក់ទងទៅលេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ផ្នែកការងារ និងលេខ ១២៨៦ សម្រាប់សាកសួរព័ត៌មានលម្អិតពីអត្ថប្រយោជន៍ ប.ស.ស.ផងដែរ។

ទន្ទឹមនេះ លោក ប៉ុក ប៉ាន់ ក៏បានផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យយុវជនចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសពីកម្មវិធី TVET ១,៥លាននាក់ ដែលជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវជីវភាពសមរម្យសម្រាប់ពលរដ្ឋគ្រប់កាលៈទេសៈ ក៏ដូចជា សម្រេចគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ដោយឯកឧត្តមបញ្ជាក់ថា ទិសដៅនៃការរៀនសូត្រគឺដើម្បីមានការងារធ្វើជាមួយប្រាក់ឈ្នួលសមរម្យ។ កម្មវិធី TVET ១,៥លាននាក់ គឺរៀនដោយឥតគិតថ្លៃ ហើយថែមទាំងទទួលបានប្រាក់ឧបត្ថមបន្ថែមទៀត ដូចជាការជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ផ្នែកសំណង់ ដុតនំ ឆុងកាហ្វេ ឬសាឡនជាដើម។

សូមបញ្ជាក់ថា ក្រុមហ៊ុន រោងចក្រដែលចូលរួមដោយផ្ទាល់នាឱកាសនោះ រួមមាន រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ,រោងចក្រ ញូវ៉ាយអឹភឹរឹល.ឯក និងក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ. អភិវឌ្ឍន៍ កៅស៊ូ,រោងចក្រ វ៉ាន់លី ថាយអឺរ (ខេមបូឌា)។ រីឯសមាគម និងតំបន់សេដ្ឋកិច្ចពិសេស មានដូចជា តំបន់សេដ្ឋកិច្ចពិសេស (ខេមបូឌា) ចេជាង គម្រោង២។ ចំណែកឯក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មក្រៅប្រទេសរួមមាន ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៏ និង ក្រុមហ៊ុន មីណាមី (ខេមបូឌា) អ៉ិនធើណេសិនសល សឺវីស ឯ.ក ដែលជ្រើសរើសពលករទៅធ្វើការនៅប្រទេសជប៉ុន៕
