ព័ត៌មានជាតិ

លោក ជា ធីរិទ្ធ៖ ការដោះលែង លោក កឹម សុខា កើតចេញអំពីគុណធម៌របស់អ្នកនយោបាយ

ភ្នំពេញ ៖ អ្នកនាំពាក្យសម្ដេចតេជោ លោក ជា ធីរិទ្ធលើកឡើងថា ការលើកលែងទោសលោក កឹម សុខា គឺបង្ហាញអំពីគុណធម៌នយោបាយដ៏ជ្រាលជ្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសគឺគុណធម៌នយោបាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលជាអ្នកស្នើទៅអង្គព្រះមហាក្សត្រឱ្យមានការលើកលែងទោសចំពោះលោក កឹម សុខា។

លោក ជា ធីរិទ្ធ បញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែនទទួលបាននូវព្រះរាជសិទ្ធិពីព្រះមហាក្សត្រ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី ចុះហត្ថលេខាលើកលែងទោស លើព្រះរាជក្រឹត្យលើកលែងទោសលោក កឹម សុខា។

អ្នកនាំពាក្យរូបនេះ បន្តថា ការលើកលែងទោសចំពោះលោក កឹម សុខា នេះ បានកើតឡើងនៅក្នុងពេលដែលលោក កឹម សុខា កំពុងមានទុក្ខ ដោយសារម្ដាយរបស់លោកឋិតនៅក្នុងភាពចាស់ជរា ជំងឺក្នុងដំណាក់កាលចុងក្រោយ ដែលតម្រូវឱ្យលោក កឹម សុខា មានពេលវេលា មានឱកាសនៅក្នុងការថែទាំម្ដាយរបស់ខ្លួនក្នុងដំណាក់កាលចុងក្រោយ។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា ការលើកលែងទោសនេះទៀតសោត វាក៏បានឆ្លុះបញ្ចាំង ពីគុណតម្លៃពង្រឹងនៃការសាមគ្គីជាតិ នៅការផ្សះផ្សាជាតិ ដែលកើតចេញអំពីគុណធម៌របស់អ្នកនយោបាយ ជាពិសេសគឺគុណធម៌ចំពោះអ្នកជំនាន់ក្រោយនេះតែម្ដង ដែលគ្រប់គ្នាជាប្រជាពលរដ្ឋខ្មែរចង់ឃើញ និងចង់បាន ហើយកំពុងតែសាទរ៕

To Top