កម្ពុជា មិនបានហាមឃាត់ ជនបរទេស អាយុក្រោម៤០ឆ្នាំ ចូលកម្ពុជាឡើយ
ភ្នំពេញ ៖ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានបដិសេធថា កម្ពុជាមិនបានរឹតបន្តឹងហាមឃាត់ ជនបរទេស ដែលមានអាយុក្រោម៤០ឆ្នាំ ចូលកម្ពុជាឡើយ ។
ការលើកឡើងយ៉ាងនេះ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្ទាប់មានការចុះផ្សាយព័ត៌មាន ជាភាសាចិន នៅលើបណ្តាញសង្គម We Chat បានផ្សាយក្រោមចំណងជើងថា “អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញបានបិទការចូលប្រទេសទាំងស្រុង ជាបណ្តោះអាសន្ន ហើយច្រកព្រំដែនគោក ក៏នឹងត្រូវរឹតបន្តឹង ខ្លាំងដូចគ្នា ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ។ ក្នុងខ្លឹមសារ នៃអត្ថបទសង្កត់ធ្ងន់ថា បុគ្គលអាយុ ក្រោម៤០ឆ្នាំទាំងអស់ នឹងត្រូវបដិសេធមិនឱ្យចូលប្រទេស មិនថាប្រុសឬស្រី ទោះមានទិដ្ឋាការ ឬឯកសារអាជីវកម្មក៏ដោយ ។

ចំពោះការចោទប្រកាន់នេះ តាមរយៈសេចក្តីបំភ្លឺ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ច្រានចោលទាំងស្រុង ហើយថានេះ គឺ ជាព័ត៌មានមិនពិត ព្រោះមន្ត្រី នគរបាលអន្តោប្រវេសន៍ មិនដែលទទួល បានគោលការណ៍ ណែនាំពីថ្នាក់ដឹកនាំណាមួយ ក្នុងការរឹតបន្តឹងហាមឃាត់មនុស្ស ដែលមានអាយុក្រោម៤០ឆ្នាំ មិនឱ្យចូលមកប្រទេសកម្ពុជា នោះទេ ។
សេចក្តីបំភ្លឺបន្តថា បច្ចុប្បន្នអនុវត្តតាមគោលការណ៍ ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការរឹតបន្តឹងការចូលប្រទេសរបស់ជនបរទេសមកកម្ពុជា ត្រូវបានអនុវត្តតាមវិធានការសុវត្ថិភាព និងការពង្រឹងការគ្រប់គ្រងជនបរទេស ក្នុងគោលបំណងទប់ស្កាត់ការជ្រៀត ចូលដោយខុសច្បាប់ របស់ជនបរទេសតែប៉ុណ្ណោះ ចំពោះភ្ញៀវទេសចរណ៍បរទេស សមាគមអ្នកវិនិយោគ អាជីវករ ពាណិជ្ជករ និងពលករបរទេស នៅតែទទួលបានការគាំពារ ការលើកទឹកចិត្តចូលមក ដោយពុំមានការបិទការ ធ្វើដំណើរចេញ-ចូលទេ។
ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បំភ្លឺទៀតថា តាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិសំខាន់ៗ ទាំងផ្លូវអាកាស និង ផ្លូវគោក នៅបន្តបែបបទនៃការចូល-ចេញ ប្រទេសជាធម្មតា មិនមានការផ្លាស់ប្តូរ ណាមួយឡើយ ។
ទន្ទឹមនេះ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ ចូលមកទស្សនាកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការលើកលែង ទិដ្ឋាការសាល្បងដល់ពលរដ្ឋចិន ដែលធ្វើដំណើរពីប្រទេសចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខ៕
