លោក កឹម សុខា ទទួលតែការលើកលែងទោស តែសិទ្ធិធ្វើនយោបាយ និងចេញក្រៅប្រទេស មិនមានឡើយ
ភ្នំពេញ ៖ លោក កឹម សុខា ដែលត្រូវបានទទួលការលើកលែងទោស ដាក់ពន្ធនាគាររយៈពេល២៧ឆ្នាំនោះ ត្រូវបានដកហូតសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាព នយោបាយផ្សេងទៀតជាស្ថាពរ ។

យោងតាមកំណត់ហេតុ ស្តីពីការអនុវត្តព្រះរាជ្យក្រឹត្យលើកលែងទោសដល់លោក កឹម សុខាដែលសមត្ថកិច្ចបានយកប្រគល់ជូន លោក កឹម សុខាដល់គេហដ្ឋានផ្ទាល់ នៅព្រឹកថ្ងៃ២៦ ឧសភានោះ ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា ក្រៅពីដកសិទ្ធិធ្វើនយោបាយហើយ លោកក៏ត្រូវបានហាមប្រាម ចាកចេញពីប្រទេសរយៈពេល ៥ឆ្នាំថែមទៀត ។

កំណត់ហេតុបញ្ជាក់ថា “ការលើកលែងទោសនេះ អនុវត្តចំពោះតែទោស ដាក់ពន្ធនាគារ ដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្ត ចំពោះទោសបន្ថែមឡើយ ។ ក្នុងន័យនេះ ឈ្មោះ កឹម សុខា ត្រូវបានទទួលការលើកលែងទោស ដាក់ពន្ធនាគារចំនួន២៧ឆ្នាំប៉ុណ្ណោះ ប៉ុន្តែចំពោះទោសបន្ថែម ឈ្មោះ កឹម សុខា ត្រូវតែគោរព និងអនុវត្ត” ៕


