សម្តេចធិបតី ៖ កិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋ ពិតជាមានសារៈសំខាន់
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋ គឺពិតជាមានសារៈសំខាន់ ក្នុងការជំរុញទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀត ។

ក្នុងឱកាសអនុញ្ញាតឱ្យលោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញ និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងអាណត្តិការទូតរបស់ឯកឧត្តម។

សម្ដេចធិបតីបានសម្ដែងការពេញចិត្ត ចំពោះការរីកចម្រើននៃទំនាក់ទំនងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ទាំងក្នុងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនហុងគ្រី ដែលបាននិងកំពុងបន្តផ្ដល់អាហារូបករណ៍ និងយកចិត្តទុកដាក់ចំពោះនិស្សិតកម្ពុជា ដើម្បីបន្តចូលរួមចំណែកកសាងធនធានមនុស្សកម្ពុជា។

សម្ដេចធិបតីគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋគឺពិតជាមានសារៈសំខាន់ តែទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏មានតួនាទីសំខាន់ដូចគ្នា ក្នុងការជំរុញចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតសិ្នទ្ធបន្ថែមទៀត។

សម្ដេចធិបតីបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី, តំបន់ និងសកល។ សម្ដេចធិបតី ក៏បានជំរុញឱ្យកម្ពុជា- ហុងគ្រីបន្តផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននិងឯកជន ឱ្យកាន់តែស្អិតរមួត តាមរយៈការរៀបចំដំណើរទស្សនកិច្ចធុរកិច្ច ដែលផ្ដោតលើវិស័យអាទិភាពមួយចំនួន ដូចជា ការគ្រប់គ្រងធនធានទឹក និងកសិ-ឧស្សាហកម្ម ជាដើម។

សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យវិនិយោគិនហុងគ្រី ស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា ព្រោះប្រទេសទាំងពីរនៅតែមានវិស័យសក្តានុពលជាច្រើនទៀត៕
