ព័ត៌មានជាតិ

ប្រលោមលោកខ្មែរ ទទួលបានការវាយតម្លៃ និងការទទួលស្គាល់កម្រិតអន្តរជាតិ

ភ្នំពេញ៖ អ្នកនិពន្ធខ្មែរ APSARA L.L. បានបង្កើតជំហានថ្មីមួយសម្រាប់អក្សរសិល្ប៍កម្ពុជា ខណៈដែលប្រលោមលោកដំបូងរបស់ខ្លួន «ស្រមោលស្នេហ៍៖ អតីតជាតិ» (Almost Love: A Past-Life Destiny) ទទួលបានការចាប់អារម្មណ៍ និងការទទួលស្គាល់យ៉ាងខ្លាំងពីសំណាក់អ្នកអាន និងអ្នកជំនាញបោះពុម្ពផ្សាយអន្តរជាតិ។

APSARA L.L. គឺជានាមប៉ាកការបស់កញ្ញា លី លក្ខិណា (Ly Leakhena) សហគ្រិនខ្មែរដែលមានចំណង់ចំណូលចិត្តលើការនិទានរឿង និងការរចនាសិល្បៈច្នៃប្រឌិត ដែលការណ៍នេះបានជំរុញឱ្យកញ្ញាបង្កើតស្នាដៃដ៏វិសេសវិសាលនេះឡើង។

ស្នាដៃនេះត្រូវបាននិពន្ធឡើងជាភាសាអង់គ្លេស ក្នុងទម្រង់ប្រលោមលោកមនោសញ្ចេតនាសហសម័យដែលមានរូបភាពរស់រវើក (Illustrated Novel) ដោយរួមបញ្ចូលសាច់រឿងមនោសញ្ចេតនា ការធ្វើដំណើរ ពហុវប្បធម៌ និងការរីកចម្រើនផ្លូវចិត្ត។ សៀវភៅនេះក៏បានបង្កប់នូវការឆ្លុះបញ្ចាំងអំពីទំនាក់ទំនង ស្នេហា ការជ្រើសរើសដៃគូជីវិត និងការយល់ដឹងអំពីអារម្មណ៍មនុស្ស ក្នុងទម្រង់ដែលអាចភ្ជាប់ទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយអ្នកអានជុំវិញពិភពលោក។

ជាបឋម ប្រលោមលោក «ស្រមោលស្នេហ៍៖ អតីតជាតិ» ទទួលបាន “ការវាយតម្លៃវិជ្ជាជីវៈកម្រិត ៤ ផ្កាយ” ពី Reedsy Discovery ដែលជាវេទិកាអន្តរជាតិសម្រាប់អ្នកនិពន្ធ និងអ្នកជំនាញបោះពុម្ពផ្សាយ មានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ការទទួលបានចំណាត់ថ្នាក់នេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ ដោយមានសៀវភៅត្រឹមតែប្រមាណ ២០% ប៉ុណ្ណោះនៅលើវេទិកានេះដែលអាចសម្រេចបាន។

បន្ថែមពីនេះ សៀវភៅនេះក៏ត្រូវបានជ្រើសរើសជាប់ក្នុងវគ្គ Quarter-Finalist នៃកម្មវិធីប្រកួតអន្តរជាតិ First Page Cage ដែលរៀបចំដោយស្ថាប័ន Pulp Literature ប្រទេសកាណាដា ដោយស្ថិតក្នុងចំណោមស្នាដៃឆ្នើមប្រមាណ ១៥% ពីអ្នកនិពន្ធជុំវិញពិភពលោក។

ប្រលោមលោកនេះក៏ត្រូវបានជ្រើសរើសបញ្ចូលក្នុងបញ្ជីសៀវភៅឆ្នើម «សៀវភៅរឿងប្រឌិតល្អបំផុត» (Best Fiction Books) «សៀវភៅរឿងមនោសញ្ចេតនាល្អបំផុត» (Best Romance Books) និង «សៀវភៅរឿងមនោសញ្ចេតនាសហសម័យល្អបំផុត» (Best Contemporary Romance Books) របស់ Reedsy Discovery ផងដែរ។ បច្ចុប្បន្ន សៀវភៅនេះបានទៅដល់ដៃមិត្តអ្នកអាននៅ ១៥ ប្រទេសជុំវិញពិភពលោក រួមមាន សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស អូស្ត្រាលី បារាំង និងបណ្តាប្រទេសផ្សេងៗទៀត។

ដើម្បីធានាគុណភាពស្នាដៃឱ្យឈានដល់ស្តង់ដារអន្តរជាតិ APSARA L.L. បានសហការជាមួយអ្នកកែសម្រួលអត្ថបទមកពីបណ្តាប្រទេសផ្សេងៗ រួមមាន៖

  • Susan Fletcher Haythorpe (ចក្រភពអង់គ្លេស) អ្នកនិពន្ធសៀវភៅ Lost Generation: The Story of Cambodian Rock and Roll
  • Jodie Nott (អូស្ត្រាលី)
  • Susan Lloyd (ចក្រភពអង់គ្លេស)
  • Charya Sam (ខ្មែរ-បារាំង)

រូបភាពសិល្បៈនៅក្នុងប្រលោមលោក «ស្រមោលស្នេហ៍៖ អតីតជាតិ» មិនត្រឹមតែមានតួនាទីតុបតែងប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃការនិទាន និងការបង្កើតអារម្មណ៍សម្រាប់អ្នកអាន។ ការប្រើប្រាស់ក្បាច់រចនាបែបខ្មែរ ផ្សារភ្ជាប់គ្នាយ៉ាងចុះសម្រុងជាមួយទម្រង់រចនារចនាបថបស្ចិមប្រទេស (Western Design) គឺជាចេតនារបស់អ្នកនិពន្ធក្នុងការឆ្លុះបញ្ចាំងពីសិល្បៈ វប្បធម៌ ក៏ដូចជាបរិយាកាស និងអារម្មណ៍ប្លែកៗទៅតាមតំបន់នៃប្រទេសនីមួយៗដែលមាននៅក្នុងសាច់រឿង ដើម្បីបង្កើតជាទម្រង់អក្សរសិល្ប៍ដែលអាចភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកអានអន្តរជាតិ។ អ្នកនិពន្ធជឿជាក់ថា អក្សរសិល្ប៍ និងសិល្បៈ អាចដើរទន្ទឹមគ្នា ដើម្បីបង្កើតបទពិសោធន៍នៃការអានដ៏អស្ចារ្យ ដែលមានទាំងអារម្មណ៍ ភាពស្រមើស្រមៃ និងអត្តសញ្ញាណវប្បធម៌។

តាមរយៈប្រលោមលោកនេះ អ្នកនិពន្ធមានបំណងចង់ចែករំលែកពីភាពស្រស់ស្អាតនៃប្រទេសកម្ពុជា រួមមានវប្បធម៌ អាហារ ទេសចរណ៍ របៀបរស់នៅ ក្តីស្រឡាញ់របស់ប្រជាជនខ្មែរ និងសហគមន៍ទំនើបនាពេលបច្ចុប្បន្ន ព្រមទាំងបង្ហាញពីការបើកចំហចិត្ត បើកទូលាយទទួលយក និងរៀនសូត្រពីវប្បធម៌ចម្រុះនៃបណ្តាប្រទេសដទៃទៀតជុំវិញពិភពលោក។ សម្រាប់ APSARA L.L. ទឹកដីកម្ពុជាមានរឿងរ៉ាវ និងភាពរស់រវើកជាច្រើនទៀតដែលទាមទារឱ្យពិភពលោកស្វែងយល់ ក្រៅតែពីទំព័រប្រវត្តិសាស្ត្រនាអតីតកាលរបស់ប្រទេសខ្លួន។

«ស្រមោលស្នេហ៍៖ អតីតជាតិ» គឺជាប្រលោមលោកមនោសញ្ចេតនាបែបសហសម័យ ដែលរួមបញ្ចូលជាមួយកម្រងរូបភាពសិល្បៈច្នៃប្រឌិតជាង ៥០ ផ្ទាំង (Illustrated Novel) ដែលជួយបង្កើតបរិយាកាស និងអារម្មណ៍នៃការនិទានឱ្យកាន់តែមានភាពរស់រវើក និងស៊ីជម្រៅ។ សាច់រឿងឆ្លងកាត់ប្រទេសចំនួន ៨ រួមមាន កម្ពុជា ជប៉ុន តៃវ៉ាន់ អូទ្រីស សាធារណរដ្ឋឆែក បារាំង បាលី(ឥណ្ឌូនេស៊ី) និងសហរដ្ឋអាមេរិក។
ស្នាដៃនេះមិនត្រឹមតែជារឿងស្នេហាប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងអំពីព្រេងវាសនា ពេលវេលា ការលូតលាស់ផ្លូវចិត្ត និងជម្រើសដែលមនុស្សម្នាក់ៗធ្វើក្នុងជីវិត។
«មនុស្សពីរនាក់អាចជួបគ្នាដោយសារនិស្ស័យពីបុព្វេ ប៉ុន្តែគឺជម្រើសរបស់ពួកគេ ដែលកំណត់និយមន័យនៃស្នេហ៍ពិត»។

បច្ចុប្បន្ន «ស្រមោលស្នេហ៍៖ អតីតជាតិ» មានចេញផ្សាយជា ៤ ទម្រង់ រួមមាន Hardcover Edition, Paperback Edition, Color Paperback Edition និង E-Book Edition ដើម្បីផ្តល់ជម្រើសយ៉ាងសម្បូរបែបសម្រាប់មិត្តអ្នកអាននៅក្នុង និងក្រៅប្រទេស។

To Top