អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានផ្តល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥២ គ្រួសារ នៅស្រុកកងមាស
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម រួមនិងសហការី នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់៥២គ្រួសារ នៅក្នុងឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

លោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម បានឲ្យដឹងថា កាលពីម៉ោង ១០យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ មានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៥២ ខ្នង ក្នុងភូមិចំនួន ២ ក្នុង ឃុំព្រែកកុយ ត្រូវប៉ើងរលំ របើកសង្កសី និងរបើកក្បឿង រងផលប៉ះពាល់កម្រិតធ្ងន់ ៨គ្រួសារ កម្រិតមធ្យម ១៣គ្រួសារ និង កម្រិតស្រាល ៣១គ្រួសារ ។ទន្ទឹមនោះ វត្តអូរស្វាយ ក៏ទទួលរងផលប៉ះពាល់ ពីខ្យល់កន្ត្រាក់ ធ្វើអោយរបើកពិដានសាលាឆាន់ និងដំបូលបន្ទប់ទឹក ១ខ្នង ២បន្ទប់ ទៀត ។

ក្នុងឱកាសសំណេះសំណាលនោះ លោក អ៊ុន ចាន់ដា បានចូលរួមការសោកស្តាយជាមួយគ្រួសាររងគ្រោះ និងព្រះចៅអធិការវត្ត ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ ខាតបង់ទាំងពេលវេលា និងសោហ៊ុយ ត្រូវចំណាយសម្រាប់ការជួសជុល ស្តារឡើងវិញថែមទៀត ។

លោកប្រធានសាខា ក៏បាននាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបី សម្តេច មិនបានអញ្ជើញមកផ្ទាល់ ក៏លោកតែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា និងមិនទុកនរណាម្នាក់ចោល ” ។

គួរបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនពលរដ្ឋរងផលប៉ះពាល់ទាំង ៥២ គ្រួសារនោះ ក្នុង ១គ្រួសារទទួលបាន : អង្ករ ២៥គក្រ មី១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹក សុីអុីវ ១យួរ ទឹកពិសាប្រណិត វី-អាក់ទីវ ១កេស និងឃីត ១ សម្រាប់. ចំពោះថវិកា បាន ផ្តល់ជូនតាមកម្រិតនៃការខូចខាតជាក់ស្តែង ៕
អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម|រូបភាពដោយ: គីហ្សូណា
