ព័ត៌មានជាតិ

សម្តេចតេជោ ណែនាំអាជ្ញាធរត្រូវដោះស្រាយជម្លោះដីធ្លីជូនពលរដ្ឋឱ្យបានរហ័ស ដោយមិនលំអៀងខាងភាគីណានោះទេ

ពោធិ៍សាត់ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានណែនាំឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។

ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តពោធិ៍សាត់ ចំនួន ៧៧៥នាក់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន បានក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។ 

ទន្ទឹមនេះ សម្ដេចតេជោ ក៏ឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។ សម្ដេច ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំភ្លេចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស។ 

ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តពោធិ៍សាត់ទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឱ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕

To Top