Feature

អគ្គនាយក ARDB លើកទឹកចិត្តបុគ្គលិកទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាពបន្ថែមទៀត លើភាពជាអ្នកដឹកនាំ

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យវឌ្ឍនភាពការងារ។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាល នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

ក្នុងឱកាសនេះដែរ លោកបណ្ឌិតប្រតិភូ បានសំណេះសំណាល និងចែករំលែកបទពិសោធពី ភាពជាអ្នកដឹកនាំជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមកពីគ្រប់នាយកដ្ឋានទាំងអស់ ដោយផ្តោតលើប្រធានបទ How To Lead When You’re Not in Charge* : Leading Beyond Titles ក្នុងនោះ លោកបណ្ឌិត ប្រតិភូក៏បានផ្តល់ទស្សនៈល្អៗ ដើម្បីចូលរួមចំណែកជាបច្ច័យសម្រាប់បុគ្គលិកទាំងអស់ ក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន និងការពង្រឹងសមត្ថភាពផ្ទាល់ខ្លួនថែមទៀត ដើម្បីចូលរួមបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ។ 

ទន្ទឹមនេះ លោកបណ្ឌិត បានលើកទឹកចិត្តបុគ្គលិកទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាពបន្ថែមទៀតលើភាពជាអ្នកដឹកនាំ និងការដឹកនាំខ្លួនឯងជាគំរូគេ ជាពិសេស ត្រូវបណ្តុះស្មារតីភាពជាអ្នកដឹកនាំខ្លួនឯង និងបុគ្គលិកក្រោមឱវាទ ដើម្បីអាចក្លាយជាអ្នកដឹកនាំបន្តចូលរួមអភិវឌ្ឍន៍ស្ថាប័នឱ្យរីកចម្រើនប្រកបដោយនិរន្តរភាព។

ជាសរុបមក លោកបណ្ឌិតប្រតិភូ ក៏បានផ្តល់អនុសាសន៍គន្លឹះជាគតិល្អៗ សម្រាប់បុគ្គលិកយកទៅអនុវត្តការងារ រួមមាន៖ ភាពជាអ្នកដឹកនាំ គឺមិនអាស្រ័យលើឋានៈ តួនាទី ឬមុខដំណែងនោះទេ ភាពជាអ្នកដឹកនាំពិតប្រាកដអាចចាប់ផ្ដើមជាមួយនឹងការអភិវឌ្ឍសមត្ថភាពខ្លួនឯង ការផ្ដួចផ្ដើមគំនិត និងការបម្រើដល់មនុស្សនៅជុំវិញខ្លួនអ្នក។ ត្រូវគិតគូរពីការផ្លាស់ប្តូរទម្លាប់មកធ្វើការងារដោយផ្តោតលើគុណភាព ល្បឿនការងារ និងខិតខំធ្វើការងារឱ្យល្អពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងអភិវឌ្ឍខ្លួនជាប្រចាំ។

ជាចុងក្រោយ លោកបណ្ឌិតប្រតិភូ បានណែនាំថា ការធ្វើកិច្ចការងារដែលជោគជ័យទៅបានត្រូវចេះធ្វើការជាក្រុម និងត្រូវចេះទទួលយកការកែលម្អ  ការអភិវឌ្ឍខ្លួនជាប្រចាំ ដើម្បីភាពរីកចម្រើន សម្រាប់ស្ថាប័ន ក្នុងនោះត្រូវមានស្មារតីសុទិដ្ឋិនិយម កុំមានទុទិដ្ឋិនិយម ពោលបុគ្គលិកធ្វើការល្អ ARDB នឹងរីកចម្រើន មិនចាំបាច់មើលអ្វីច្រើននោះទេ មានន័យថា ភាពជាអ្នកដឹកនាំត្រូវធ្វើជាគំរូគេ ទើបអ្នកក្រោមឱវាទគេដើរតាម និងគោរពតាម ដែលធ្វើឲ្យស្ថាប័នក៏កាន់តែរីកចម្រើនថែមទៀត៕

To Top