Feature

សាជីវកម្មហិរញ្ញវត្ថុអាមេរិក អនុម័តទឹកប្រាក់១០០លានដុល្លារ គាំទ្រដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ​ អាកាសយានដ្ឋាន អន្តរជាតិតេជោ

ភ្នំពេញ ៖ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ របស់សហរដ្ឋអាមេរិក (DFC) កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានអនុម័តទឹកប្រាក់ចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់គម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីគាំទ្រដល់ការពង្រីក ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ របស់ព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនសំខាន់ ក្នុងការអភិវឌ្ឍអាកាស យានដ្ឋានអន្តរជាតិតេជោ (KTI) បានឱ្យដឹងថា ការព្រមព្រៀងខាងលើនេះ ទើបត្រូវបានសម្រេច បន្ទាប់ពីការសិក្សាវាយតម្លៃ យ៉ាងយកចិត្តទុកដាក់ ក្នុងនោះរួមមាន សមិទ្ធលទ្ធភាពនៃគម្រោងលើតថភាព លក្ខណៈបច្ចេកទេស ប្រតិបត្តិការ ការវាយតម្លៃហេតុ​ និងផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA)ផងដែរ ។ ស្របតាមការអនុវត្តនីតិវីធីកន្លងមក នីតិវិធីជាបន្តរបន្ទាប់នឹងត្រូវបំពេញ រួមបញ្ចូលទាំងដំណើរការជូនដំណឹង របស់សភាជាន់ខ្ពស់ផងដែរ មុននឹងហិរញ្ញប្បទាននេះ ត្រូវទទួលបានភតិសន្យា និងចូលជាស្ថាពរបាន ។

ការសម្រេចបានដ៏សំខាន់នេះ គឺបានមកពីការខិតខំ និងទំនាក់ទំនងរយៈពេលជាច្រើនឆ្នាំ រវាងក្រុមហ៊ុនសម្ព័ន្ធកាណាឌីយ៉ា និង OCIC ជាមួយស្ថាប័នផ្សេងៗ​ របស់សហរដ្ឋអាមេរិក រួមមានស្ថានទូត សហរដ្ឋអាមេរិក សភាពាណិជ្ជកម្ម អាមេរិកនៅកម្ពុជា និងបណ្តាក្រុមហ៊ុនអាមេរិកជាច្រើនផ្សេងទៀត ដូចជា General Electric, OTIS, Caterpillar, Ford និង Apple ។ តាមរយៈគណៈប្រតិភូធុរកិច្ច ការចូលរួមសន្និបាត និងការសន្ទនាផ្សេងៗ ក្រុមហ៊ុនទាំងអស់នោះ​ បាននិងកំពុងធ្វើការរួមគ្នា ​ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ របស់ព្រះរាជាណាចក្រកម្ពុជា។

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ​ ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនសម្ព័ន្ធកាណាឌីយ៉ា និង OCIC បានស្វាគមន៍ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ​ របស់សហរដ្ឋអាមេរិក (DFC) ក្នុងនាមជាដៃគូ ក្នុងគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ។ នេះគឺជាការប្តេជ្ញាចិត្តរួមគ្នា រវាងកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រ ដល់ការរីកចម្រើននិងលើកកម្ពស់ ការតភ្ជាប់ក្នុងតំបន់ និងពិភពលោក។

នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន DFC បានបញ្ជាក់ថា ការវិនិយោគនេះនឹងគាំទ្រ ដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ អាកាសចរណ៍ របស់ព្រះរាជាណាចក្រកម្ពុជា និងលើកកម្ពស់ឱកាសសេដ្ឋកិច្ច កាន់តែទូលំទូលាយសម្រាប់ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ។ ការសម្រេចបាននេះ បានគូសបញ្ជាក់ពីតួនាទីរបស់ DFC ក្នុងនាមជាដៃគូ ដែលមានសមត្ថភាពក្នុងការ ផ្តល់ទុនហិរញ្ញាវត្ថុ ជំនាញពិសោធន៍ និងការច្នៃប្រឌិត ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដ៏សំខាន់បំផុតមួយនេះ របស់ព្រះរាជាណាចក្រកម្ពុជា៕

To Top