ពលករខ្មែរ ជាង១០០នាក់ ត្រូវបានអាជ្ញាធរថៃ បញ្ជូនឱ្យអាជ្ញាធរកម្ពុជា
បន្ទាយមានជ័យ៖ ពលករខ្មែរជាង១០០នាក់ ត្រូវបានអាជ្ញាធរថៃ បញ្ជូនឱ្យអាជ្ញាធរកម្ពុជា តាមច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ត្រី អ៊ុី ចំរើន បានប្រាប់ថា ៖ ពលករខ្មែរចំនួន១១២នាក់ ក្នុងនោះមានស្រី៣៥ នាក់និងកុមារ១៦នាក់ ដែលអាជ្ញាធរមានសមត្តកិច្ចថៃ ប្រគល់អោយអាជ្ញាធរកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ែត ដែលឈមច្រកខ្លងលឹកប្រទេសថៃ បានជូនអាហារសម្រន់មាននំប៉័ង ទឹកបរិសុទ្ធ។

លោកបានបញ្ជាក់ថា ៖ ពលករខ្មែរ ដែលទទួលមាន ពលករខ្លះត្រូវបានអាជ្ញាធរថៃចាប់ ដោយស្នាក់នៅធ្វើការដោយខុសច្បាប់ នៅប្រទេសថៃ និងមួយចំនួនទៀតជាអាជីវករខ្មែរ លក់នៅផ្សារលុងគ្លឿរប្រទេសថៃ និង មានពលករខ្លៈទៀតឆ្លងដែនដោយខុសច្បាប់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ក្បែរព្រំដែន និងពលរដ្ឋធ្វើការងារចំការ តាមបន្ទាត់ព្រំដែន ត្រូវបានសមត្តកិច្ចថៃ ចាប់ខ្លួនរយៈពេល១៥ទៅ២០ថ្ងៃ ទើបបញ្ជូនអោយកម្ពុជា។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានបញ្ជាក់ថា៖ក្រោយទទួលពលករខ្មែរចំនួន១១២នាក់ ត្រូវបានកម្លាំងជំនាញ សាកសួរព័ត៌មានហើយបញ្ជូនតាមរថយន្ត ទៅមណ្ឌលសំចត ហើយបញ្ជូនពួកគាត់ដល់លំនៅដ្ឋាន ដោយសុវត្ថិភាពនិងណែនាំ ដល់ពួកគាត់បញ្ឈប់ការចាញ់បោកមេខ្យល់ និងរកការងារធ្វើនៅក្នុងប្រទេសកម្ពុជា ដែលកំពុងរងចាំបងប្អូន៕




ដោយ៖ ណារិទ្ធ/បន្ទាយមានជ័យ
