Feature

ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ ដែល​ត្រូវថៃ ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈ​ លោក ស៊ុន មេសា​ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០២៦នេះ បាន​អំពាវ​នាវដល់អតីតពលករខ្មែរ ដែលត្រូវ​បា​ន​បញ្ជូនមកពីប្រ​ទេសថៃចំនួន ១១២នាក់ ទាក់ទង​មក​លេខ​​ទូរសព្ទ ១២៩៧ ដើម្បី​ស្វែងរកការ​ងារធ្វើ និង​ទទួល​​បាន​​​ផល​​​ប្រយោ​ជ​​ន៍ដ៏​ស​ម្បូ​រ​បែប។

លោក ស៊ុន មេសា បាន​លើកទឹកចិត្ត​ឱ្យបងប្អូន​ប្រជាពល​រដ្ឋ​ស្វែ​​ងរកឱកាស​ការងារធ្វើនៅ​​ក្នុងស្រុកដែល​នៅក្បែរខ្លួ​នវិញ និងចៀ​ស​វាង​ធ្វើកា​រ​ចំ​ណា​ក​ស្រុ​កដោ​យ​ខុស​ច្បាប់​។ កា​រស្វែងរកកា​រងារធ្វើនៅក្នុងស្រុក​ពុំមាន​ការលំបា​ក​នោះ​ទេ ដោ​យទា​ក់ទងតាមរ​យៈ​លេខទូ​រសព្ទ ១២៩៧ ក៏ដូ​ច​ជា ទីភ្នា​ក់​​ងារ​​ជាតិ​មុខរបរ និងកា​រងា​រ(NEA) នៃ​ក្រសួង​ការ​ងារ និងបណ្តុះ​​បណ្តាលវិ​ជ្ជាជីវៈ ដើម្បីទ​ទួលបា​ន​ការងារ និង​ការប្រឹក្សាកា​រងារផងដែរ។

លោកបញ្ជាក់ថា៖«ខ្ញុំសូមអំពាវនាវដល់បងប្អូនអតីតពលករខ្មែរ ដែ​លទើប​ត្រឡបមក​ពីថៃ សូមទា​ក់ទងមកលេខ​ទូរសព្ទ ១២៩៧ ដើម្បី​ស្វែករ​កកា​រ​ងារ​​ធ្វើ និងអត្ថប្រយោ​ជន៍ដ៏សម្បូរបែប ។ សូមកុំទៅធ្វើការងារដោយ​ខុសច្បាប់នៅ​ក្រៅប្រទេស ខណៈឱកាស​ការងារនៅ​ក្នុង​ស្រុ​កយើង ត្រូវបា​ន​ប្រកា​​ស​​ជា​ហូ​រហែ និង​រាប់ម៉ឺន​កន្លែ​ង​ជា​រៀង​​រាល់សប្តាហ៍​ដោយ​ក្រសួង​កា​រងារ និងប​​ណ្តុះ​បណ្តា​​ល​វិជ្ជាជីវៈ»។

ការធ្វើការងារនៅក្នុងស្រុកនាពេលបច្ចុប្បន្ន គឺពួក​គាត់​នឹង​ទទួលបា​នអត្ថប្រយោ​ជន៍ច្រើន ដូចទៅ​នឹងបណ្តាប្រ​ទេស​ជិត​ខាង​ផងដែរ ដោយប្រាក់​ឈ្នួល​សមរម្យ បើធៀប​ជាមួ​យ​ប​ណ្តា​ប្រទេសនៅក្នុងតំបន់មួយចំនួន​ ហើយកន្លែង​កា​រងារនៅក្បែរផ្ទះ។ ជាពិសេស ពួកគាត់ត្រូ​វការចំណា​យ​ទា​​ប ដែល​អាច​ឱ្យបងប្អូន​ប្រជាពលរដ្ឋ​អាចសន្សំសំចៃ​ការ​ចា​យ​វា​យជាប្រចាំ​បា​នច្រើន។ នេះបើ​តាមលោក ស៊ុន មេសា។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យរូបនេះ បានស្នើ​ឱ្យបងប្អូនឈ​ប់ជាបន្ទាន់​ក្នុង​ការចា​កចេញទៅ​ធ្វើការងា​រនៅក្រៅ​ប្រទេ​សដោ​​យខុស​ច្បា​ប់។ ក្នុងករណី​មា​ន​កា​​រ​បបួល ឬលួង​លោ​ម​ពី​សំណាក់មេខ្យល់ ដើម្បីចេ​ញទៅធ្វើការដោ​យខុ​ស​ច្បាប់ សូមរាយការណ៍ជូនសមត្ថកិច្ច ឬអា​ជ្ញាធរ​មូល​ដ្ឋាន​ជា​បន្ទាន់ ដើម្បី​មាន​វិធាន​ការច្បា​ប់ចំពោះ​ជន​ល្មើ​ស​ទាំង​នោះ៕

To Top