អាម៉េរិក បន្តគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការលើកកម្ពស់សន្តិភាពក្នុងតំបន់
ភ្នំពេញ ៖ លោក Hunt VanderToll ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក ទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានបញ្ជាក់ជាថ្មីថា អាម៉េរិក បន្តគាំទ្រ និងសហការយ៉ាងជិតស្និទ្ធ ជាមួយកម្ពុជា ក្នុងការលើកកម្ពស់សន្តិភាពក្នុងតំបន់ និងជំរុញឱ្យមានលំហូរវិនិយោគទុន ពីក្រុមហ៊ុនអាម៉េរិកមកកម្ពុជា ឱ្យកាន់តែច្រើនឡើង។

ការបញ្ជាក់ជាថ្មីរបស់ លោកឧបការីរង រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាស លោកឧបការីរង ដឹកនាំគណៈប្រតិភូមកបំពេញ ទស្សនកិច្ចផ្លូវការនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលចំពោះគណៈប្រតិភូអាម៉េរិក បានអញ្ជើញមកបំពេញទស្សនកិច្ចនាឱកាសនេះ និងបានជម្រាបយ៉ាងលម្អិតអំពីបច្ច័យវិជ្ជមាន និងសក្តានុពលវិនិយោគដ៏សម្បូរបែបរបស់កម្ពុជា ជាពិសេសឱកាសវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តធំៗ ដូចមានរំលេចក្នុងផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ របស់រាជរដ្ឋាភិបាលកម្ពុជា នឹងត្រូវការទុនវិនិយោគប្រមាណ ៣៦,៦ពាន់លានដុល្លារអាម៉េរិក។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាពថ្មីៗ ពាក់ព័ន្ធនឹងការខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល លើការយកចិត្តទុកដាក់អនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិក (Agreement of the Reciprocal Trade – ART) ដែលកម្ពុជាជាប្រទេសហត្ថលេខីទី១ ជាមួយសហរដ្ឋអាម៉េរិក ហើយជាលទ្ធផលពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកកមានការកើនឡើងជាបន្តបន្ទាប់ ខណៈកម្ពុជានៅរក្សាបានទីផ្សារសហរដ្ឋអាម៉េរិក។
ជាការឆ្លើយតប លោក Hunt VanderToll បានសម្តែងនូវការកោតសរសើរចំពោះការវិវត្តជាវិជ្ជមានជាច្រើន នៅក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក នាពេលបច្ចុប្បន្ន និងបានធ្វើការកត់សម្គាល់ចំពោះការអភិវឌ្ឍ និងការរីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការសម្របសម្រួល បង្កលក្ខណៈងាយស្រួល និងគាំទ្រដល់ធុរកិច្ចបរទេស។
លោកឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេស ក៏បានបញ្ជាក់សារជាថ្មីថា «សហរដ្ឋអាម៉េរិកនៅតែបន្តគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការលើកកម្ពស់សន្តិភាពក្នុងតំបន់ តម្លាភាពសេដ្ឋកិច្ច ទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងការជម្រុញឱ្យមានលំហូរវិនិយោគទុនពីក្រុមហ៊ុនអាម៉េរិកមកកម្ពុជា ឱ្យកាន់តែច្រើនឡើងថែមទៀត»៕
