លោក ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកា ទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិាករ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានផ្តល់ការណែនាំ និងជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីព័ត៌មាននៃមន្ទីរព័ត៌មានខេត្តកំពង់ចាម ត្រូវបង្កើនការយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់ ក្នុងការផលិតមាតិកា ឱ្យកាន់តែមានភាពទាក់ទាញ ជាពិសេសតម្រូវទៅតាមការនិយម ចូលចិត្តរបស់យុវវ័យ ដើម្បីផ្សព្វផ្សាយអប់រំ អំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ។

ការថ្លែងរបស់លោកបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំតម្រង់ទិស លើការងារព័ត៌មានសាធារណមតិ និងការអនុវត្តន៍យុទ្ធនាការនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយជំហានទី២ របស់មន្ទីរព័ត៌មានខេត្តកំពង់ចាម កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ។
លោកអ្នកនាំពាក្យ បានសង្កត់ធ្ងន់ថា ការផលិតមាតិកាឌីជីថលនាពេលបច្ចុប្បន្ន ចាំបាច់ត្រូវដើរឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវទៅតាមការនិយមចូលចិត្ត របស់ស្រទាប់យុវវ័យ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមសកម្មជាងគេ។ គោលបំណងសំខាន់ នៃការបង្កើតមាតិកាដ៏មានភាពទាក់ទាញ និងច្នៃប្រឌិតទាំងនេះ គឺដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ និងអប់រំជាសាធារណៈ អំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ នៃព័ត៌មានក្លែងក្លាយ នៅក្នុងសង្គម។
លោក ទេព អស្នារិទ្ធ បានបន្ថែមថា តាមរយៈការកែប្រែទម្រង់ នៃការផលិតមាតិកាឱ្យមានភាពរស់រវើក វានឹងជួយឱ្យសារអប់រំ និងព័ត៌មានពិត អាចជ្រាបចូលទៅដល់ស្រទាប់យុវជន បានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ដែលជាខែលការពារដ៏រឹងមាំ ក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិត នៅក្នុងសហគមន៍។
លោក ទេព អស្នារិទ្ធ ក៏បានលើកទឹកចិត្ត ដល់មន្ត្រីព័ត៌មានទាំងអស់ ត្រូវបន្តអភិវឌ្ឍសមត្ថភាពបន្ថែមលើការងារបច្ចេកទេស និងការបង្កើតទម្រង់មាតិកាថ្មីៗ ដើម្បីធានាថាព័ត៌មានពិត និងមានប្រយោជន៍ អាចជ្រាបចូលទៅដល់គ្រប់ស្រទាប់វណ្ណៈ ក្នុងសហគមន៍បានយ៉ាងទូលំទូលាយ។
នាឱកាសនោះដែរ លោក ជា ក្រូច អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថា ការងារព័ត៌មាន និងសាធារណមតិ គឺជាយន្តការស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងព័ត៌មានឌីជីថល ប្រមូលមតិយោបល់ និងផ្សព្វផ្សាយគោលនយោបាយនានា ទៅកាន់ប្រជាពលរដ្ឋ។ យន្តការនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការ ទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ ព្រមទាំងបង្កើនការជឿទុកចិត្ត របស់សាធារណជន មកលើរដ្ឋបាលសាធារណៈ។
លោកស្រី សម ផល្លា ប្រធាមន្ទីរព័ត៌មានខេត្តកំពង់ចាម បានទទួលយកនូវអនុសាសន៍នេះ ហើយនឹងខិតខំប្រឹងប្រែងបង្កើនការច្នៃប្រឌិត ក្នុងការផលិតមាតិកាថ្មីៗ ដើម្បីទាក់ទាញយុវវ័យ ព្រមទាំងផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ នៃព័ត៌មានក្លែងក្លាយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕








