រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ កម្ពុជាទទួលបានលេខ១ លើបរិស្ថានធម្មជាតិល្អបំផុតលើពិភលោក
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជាមានកិត្តិយសល្បាញល្បី ទទួលបានចំណាត់ថ្នាក់លេខ១ ប្រទេសមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក ដែលវាយតម្លៃដោយUS News & World Report កាលពីពេលថ្មីៗកន្លងមកនេះ។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ ២០២៦ នាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ចំពោះលទ្ធផលនេះ បានឆ្លុះបញ្ចាំង យ៉ាងច្បាស់ពីជោគជ័យ នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ពីអ្នកពាក់ព័ន្ធពីគ្រប់មជ្ឈដ្ឋាន ជាពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្ស ទូទាំងប្រទេស ក្នុងការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ដែលមានឆន្ទៈនយោបាយខ្ពស់ ភាពម៉ឺងម៉ាត់ និងទស្សនវិស័យវែងឆ្ងាយ។

សូមបញ្ជាក់ថា នៅក្នុងថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអបអរសាទរ និងកោតសរសើរក្រសួងបរិស្ថាន ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការពារនិងអភិរក្សធនធានធម្មជាតិនិងបរិស្ថាន នៅកម្ពុជានាពេលកន្លងមក ដែលនាំឱ្យប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក នៅឆ្នាំ២០២៦។

តាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី ៤ មិថុនា ឆ្នាំ ២០២៦ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍លើកឡើងដ៏ខ្ពង់ខ្ពស់ថា៖ «រាជរដ្ឋាភិបាលបានឃើញរបាយការណ៍ស្តីពីការផ្តល់ចំណាត់ថ្នាក់ប្រទេសកម្ពុជាជាប្រទេសមានបរិស្ថាន ធម្មជាតិលេខ១ លើពិភពលោកដោយស្ថាប័ន U.S. News & World Report និងសូមអបអរសាទរ និងកោតសរសើរ»។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ព្រោះសមិទ្ធផលនេះជាមោទនភាពរបស់ប្រទេសជាតិ។
សូមបញ្ជាក់ថា នៅក្នុងរបាយការណ៍ស្ទង់មតិ និងចំណាត់ថ្នាក់សកលរបស់ U.S. News & World Report ការវាយតម្លៃនេះធ្វើឡើងជាមួយប្រទេសជាង១០០ប្រទេស ផ្អែកលើលក្ខណសម្បត្តិសំខាន់ៗរបស់ប្រទេសនីមួយៗ លើពិភពលោករួមមាន៖ ការគ្រប់គ្រងបរិស្ថានបានល្អ និងការផ្តល់ខ្យល់អាកាសបរិសុទ្ធ មានការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព និងកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិរក្សជីវៈចម្រុះ ប្រកបដោយប្រសិទ្ធភាព៕
