ទិវាជាតិ អប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈលើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល” នៅមជ្ឈមណ្ឌលសន្និបាត និងរពិព័រណ៍កោះពេជ្រ
ភ្នំពេញ ៖ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈនាយកដ្ឋានព័ត៌មានទីផ្សារការងារ នៃអគ្គនាយកដ្ឋាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានរៀបចំសន្និសីទសារព័ត៌មានស្តីពី ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល”នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលសន្និបាត និងរពិព័រណ៍កោះពេជ្រ (អគារ G,H,I,J,K,L) ទន្ទឹមនោះ ក៏ មានការរៀបចំនៅតាមបណ្តាខេត្តទូទាំងប្រទេសផងដែរ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ នៅថ្នាក់ជាតិ (រាជធានី ភ្នំពេញ) គ្រោងអង្គភាពចូលរួមតាំងបង្ហាញពីវឌ្ឍភាពវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និង ខ្សែច្រវាក់ផលិតកម្ម ពីវិស័យឯកជន ចំនួនប្រមាណ ១០០ អង្គភាព។ ទិវាជាតិនេះ ក្រសួងនឹងរៀបចំដាក់តាំងបង្ហាញ ពីវឌ្ឍនភាពពីវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានការចូលរួមពីក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា វិស័យឯកជន ដៃគូអភិវឌ្ឍ និងផ្នែកពាក់ព័ន្ធនានា ព្រមទាំងមានការធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ពីវាគ្មិនល្បីៗ និងកម្មវិធីសំខាន់ៗ ។

លោកអ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំនេះក្រោមប្រធានបទ “TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល” មានគោលបំណងដើម្បីបានបង្ហាញ ពីសារសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មិនមែនជាជម្រើសទីពីរ នោះទេ ប៉ុន្តែ គឺជាជម្រើសដ៏ចម្បង សម្រាប់យុវជនដែលចង់ជោគជ័យក្នុងជីវិតក្នុងរយៈពេលខ្លី មានចីរភាព បរិយាបន្ន និងភាពធន់។

TVET គឺជាស្ពានចម្លងមួយដែលប្រែក្លាយ “កម្លាំងពលកម្ម អតិពលកម្ម” ឲ្យទៅជា “ធនធានជំនាញពិតប្រាកដ ឬអ្នកបច្ចេកទេស” ដែលមានសក្តានុពល បំផុតសម្រាប់តម្រូវការទីផ្សារការងារ (ឧស្សាហកម្ម) ដ៏សម្បូរបែបដោយចូលរួមចំណែកក្នុងការកែ ប្រែជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរ កាត់បន្ថយភាក្រីក្រ ភាពគ្មានការងារ និងដើរតួនាទីយ៉ាង សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
លោក ហ៉ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ត្រូវ បានរៀបចំដោយចែកចេញជា ៤កថាខណ្ឌរួមមាន កថាខ័ណ្ឌទី១៖ និយាយអំពីសវតា គោលបំណង និងប្រធានបទនៃការរៀបចំទិវជាតិអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កថាខ័ណ្ឌទី២៖ និយាយអំពីការទទួលខុសត្រូវក្នុងការរៀបចំប្រារព្ធទិវជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ របស់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងផ្នែកពាក់ព័ន្ធ ចូលរួមគាំទ្រ និងសហការ ដើម្បីឱ្យការរៀបចំទិវាជាតិនេះប្រព្រឹត្តទៅដោយរលូន និងមានភាពអ៊ូអរ អធិកធម ជាពិសេសជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ ទាំងអស់បានទទួលព័ត៌មានអំពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
ចំណែក ៣. កថាខ័ណ្ឌទី៣៖ (១) និយាយអំពីការអំពាវនាវ របស់រាជរដ្ឋាភិបាលដល់ក្រសួង ស្ថាប័ន និងអ្នក ពាក់ព័ន្ធ ត្រូវចូលរួមសហការគាំទ្រ និងអនុវត្តកម្មវិធីគោលនយោបាយ អាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ដោយធ្វើការ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញយុវជន ឱ្យមកចុះឈ្មោះចូល រៀនក្នុងកម្មវិធីនេះកានតែច្រើនឡើង។ (២) បំផុសចលនាផ្សព្វផ្សាយគ្រប់ ទីកន្លែងសាធារណៈនានា ទូទាំងរាជធានី ខេត្ត អំពីសារៈប្រយោជន៍នៃការរៀបចំទិវា ផ្លាស់ប្តូរទស្សនរបស់មហាជន អាណា ព្យាបាល សិស្ស និស្សិត បានយល់ច្បាស់ អំពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែល ធ្លាប់តែមុនចាត់ទុកការបណ្តុះបណ្តាលនេះ ជាជម្រើសទី២ ឬជាជម្រើសចុងក្រោយ មកជាជម្រើស អាទិភាព ដូចទៅនឹងការបណ្តុះបណ្តាល កម្រិតឧត្តមសិក្សាផ្សេងៗដែរ។ ៤. កថាខ័ណ្ឌទី៤៖ និយាយអំពីការចូលរួមអនុវត្តសារាចរនេះពីគ្រប់ក្រសួង ស្ថាប័ន អង្គភាពពាកព័ន្ធ ឱ្យមានប្រសិទ្ធភាពខ្ពស ៕




