Feature

រដ្ឋមន្ដ្រីអប់រំ លើកទឹកចិត្ត សិស្សត្រៀមប្រឡងបាក់ឌុប បន្តប្រឹងប្រែងរៀនសូត្រ ឱ្យអស់ពីលទ្ធភាព

កំពង់ចាម ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តសិស្ស ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យអស់ពីលទ្ធភាព។

ក្នុងពិធីសំណេះសំណាល និងចែកសៀវភៅមេរៀនសង្ខេបថ្នាក់ទី១២ ដល់សិស្សវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានឱ្យដឹងថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខាងមុខនេះ សិស្សថ្នាក់ទី១២ ទាំងអស់ បន្តខិតខំរៀនសូត្រដើម្បីទទួលបានជោគជ័យទាំងអស់គ្នា ជាពិសេសត្រូវរក្សាឱ្យបាននូវអត្រាជាប់ខ្ពស់នេះបន្តទៀត ដែលមិនត្រឹមតែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពសម្រាប់គ្រួសារ សាលារៀន និងសហគមន៍ ឃុំកងតាណឹង ផងដែរ។

លោក ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សានុសិស្ស និងភាគីពាក់ព័ន្ធទាំងអស់ ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញឱ្យវិទ្យាល័យ ហ៊ុន សែន កងតាណឹង បានកែប្រែមុខមាត់ថ្មី រហូតក្លាយជាសាលារៀនគំរូ និងមានកិត្តិនាមល្អដូចបច្ចុប្បន្ន ដោយគូសបញ្ជាក់ថា វឌ្ឍនភាពនេះកើតឡើងបានតាមរយៈការវិនិយោគត្រឹមត្រូវទៅលើការកែលម្អសាលារៀន ការអនុវត្តនូវប្រព័ន្ធគោលនយោបាយអប់រំប្រកបដោយប្រសិទ្ធភាព និងការយកចិត្តទុកដាក់គាំទ្រពីសំណាក់សាលារៀន សហគមន៍ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សផ្ទាល់។

ខណៈការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិកំពុងខិតចូលមកដល់ លោក ឧបនាយករដ្ឋមន្ត្រី ថា « សូមលើកទឹកចិត្តសិស្សត្រៀម ប្រឡងទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពីលទ្ធភាព ដោយត្រូវយកសៀវភៅមេរៀនសង្ខេបថ្នាក់ទី១២ ដែលចែកជូនថ្ងៃនេះ យកទៅអាន និងហាត់អនុវត្តឱ្យច្រើន បន្តថែរក្សាសុខភាព ឱ្យបានរឹងមាំ ដើម្បីប្រឡងឱ្យជាប់ និងទទួលបាននិទ្ទេសល្អៗ ជាពិសេសគឺឱកាសទទួលបាន អាហារូបករណ៍ទៅសិក្សាបន្តនៅទីក្រុងភ្នំពេញ នៅតាមសាកលវិទ្យាល័យដែលខ្លួនប៉ងប្រាថ្នា និងសិក្សាជំនាញដែលខ្លួនស្រឡាញ់»៕

To Top