រដ្ឋសភា ពិនិត្យនិងសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ស្តីពី «វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់» ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ។
ជាលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចប្រគល់សេចក្តីព្រាងច្បាប់នេះ ទៅជូនគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដើម្បីធ្វើការពិនិត្យ សិក្សាស្រាវជ្រាវ និងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញជាប្រញាប់។

ច្បាប់ស្តីពីផ្លូវថ្នល់នេះ ត្រូវបានអនុម័តដោយរដ្ឋសភានីតិកាលទី៥ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤ និងអនុម័តដោយព្រឹទ្ធសភានៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ ព្រមទាំងត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រមចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤។
ឆ្លងកាត់រយៈពេលជាង ១២ឆ្នាំ នៃការអនុវត្តច្បាប់នេះ រាជរដ្ឋាភិបាលបានពន្យល់ថា បទប្បញ្ញត្តិមួយចំនួនមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅនឹងការវិវត្តជាក់ស្តែងនៃសភាពការណ៍សេដ្ឋកិច្ច-សង្គម ទាំងក្នុងប្រទេស តំបន់ និងសកលលោកនោះឡើយ ដែលទាមទាការធ្វើវិសោធនកម្មឡើងវិញ (ដែលមានចំនួន ១៥មាត្រា) គឺជារឿងចាំបាច់បំផុត ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជាតិ៕
