លោកបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាកសិករ នៅស្រុកបន្ទាយមាស ខេត្តកំពត
កំពត៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញ កសិករតេជោ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ បានអញ្ជើញជួប សំណេះសំណាលជាមួយប្រជាកសិករនៅស្រុកបន្ទាយមាស ខេត្តកំពត។

ក្នុងឱកាសនេះ ក៏មានការអញ្ជើញ ចូលរួមពី លោក ចាន់ ថា អភិបាលរងខេត្តកំពត និងលោក ប៉ោ វី អភិបាលស្រុកបន្ទាយមាស ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកបន្ទាយមាស ប្រមាណ៣០០នាក់។

ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ លោកបណ្ឌិតប្រតិភូ បានជំរុញឱ្យកសិករមកពីបណ្តាឃុំ ដែលស្ថិតនៅក្នុងស្រុកបន្ទាយមាស គួរគិតគូរពិចារណាចំពោះទម្លាប់ធ្វើកសិកម្មតាមបែបបុរាណ ដែលប្រើកម្លាំងមនុស្សច្រើន និងចាយពេលវេលាយូរ នៅក្នុងការបង្កបង្កើន ផលិតផលកសិកម្ម ដោយក្រឡេកមកមើល នូវការធ្វើកសិកម្ម តាមបែបបច្ចេកវិទ្យាទំនើប ដែលអាចជួយសម្រួលដល់ការធ្វើកសិកម្មសម័យថ្មី និងអាចចំណេញពេលវេលានៅក្នុងការបង្កបង្កើននូវផលិតផលកសិកម្ម។

បន្ថែមពីនេះ លោកបណ្ឌិត បានផ្តល់នូវធាតុចូល ជូនដល់ប្រជាកសិករ អំពីបញ្ហាប្រឈម និងគន្លឹះដោះស្រាយ ដែលអាចឱ្យកសិករ ទទួលបានផលចំណេញពីការធ្វើកសិកម្ម ។ ចំពោះបញ្ហាប្រឈម ដែលប្រជាកសិករ តែងតែជួបប្រទះនោះ គឺបញ្ហារឿងទុនសម្រាប់ធ្វើ ឬផលិតកសិផល មានបញ្ហាបច្ចេកទេសក្នុងការផលិត ឬការចិញ្ចឹមសត្វ បញ្ហាបង្កបង្កើនផលបានហើយខ្វះទីផ្សារសម្រាប់លក់ ដែលបញ្ហានេះកសិករគួរគិតគូរដល់តម្រូវការទីផ្សារជាមុនសិន ហើយអ្វីដែលប្រឈមធំមួយទៀត គឺកសិករមិនបានគិតដល់ថ្លៃដើមផលិតរបស់ខ្លួន ដែលថ្លៃដើមផលិតនេះ គឺជាការកំណត់នូវការខាត ឬចំណេញរបស់កសិករនៅក្នុងការធ្វើកសិកម្ម។

ជានៅទីបញ្ចប់នៃពិធីសំណេះសំណាលនេះ លោកបណ្ឌិត កៅ ថាច បានអំពាវនាវឱ្យបងប្អូនប្រជាកសិករ ចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងគោលបំណងបម្រើបងប្អូនប្រជាកសិករ ពោលគឺសមាគមនឹងធ្វើជា៖ (១) ស្ពានស្វែងរកប្រភពហិរញ្ញវត្ថុ ការទទួលបាននូវបច្ចេកទេស និងព័ត៌មានថ្មីៗ ចម្លងសំឡេង និងក្តីបារម្ភពីប្រជាកសិករជូនថ្នាក់ដឹកនាំ និងជាស្ពានតភ្ជាប់ទៅកាន់ឱកាសផ្សេងទៀត និង(២) ឆ័ត្រ ឬខែល សម្រាប់កសិករជ្រក ពោលគឺចូលរួមការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករ ឬការពារពីការរំលោភបំពាន កេងចំណេញលើកសិករ៕





