ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ជំរុញអង្គភាពសុខាភិបាល ចូលរួមប្រឡងប្រណាំងបញ្ចេញស្នាដៃ បម្រើសេវាសុខភាព

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានជំរុញឱ្យអង្គភាពសុខាភិបាលចូលរួមប្រឡងប្រណាំងបញ្ចេញស្នាដៃបម្រើសេវាសុខភាព ដោយយកអ្នកជំងឺធ្វើជាចំណុចស្នូល ។

ក្នុងឱកាសអញ្ជើញពិនិត្យការបម្រើសេវាមណ្ឌលសុខភាពគោលដៅគំរូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប ហើយបន្តដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម លោកសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងថា លទ្ធផលចុងក្រោយបំផុតនៃការប្រឡងប្រណាំងបញ្ចេញស្នាដៃបម្រើសេវាសុខភាព ដើម្បីសុវត្ថិភាព និងសុខមាលភាពរបស់អ្នកជំងឺ និងសហគមន៍។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាល នៅតាមមូលដ្ឋានសុខាភិបាល ដែលបានខិតខំកែលម្អសេវារបស់ខ្លួនរហូតក្លាយជាមូលដ្ឋានផ្តល់សេវាគំរូ។

ទន្ទឹមនឹងនេះ សាស្រ្តាចារ្យ បានសង្កត់ធ្ងន់លើអត្ថន័យរបស់មណ្ឌលសុខភាពគំរូ ដែលភាពជាគំរូនេះ គឺជាកម្លាំងចិត្តសម្រាប់មណ្ឌលសុខភាព បន្តនៅក្នុងបេសកកម្មបម្រើប្រជាជនរបស់ខ្លួន។ មណ្ឌលសុខភាពគំរូពិតប្រាកដ ជាមណ្ឌលសុខភាព ដែលបម្រើសេវាជូនប្រជាជនចេញពីបេះដូង មានការសាមគ្គីផ្ទៃក្នុងជាធ្លុងមួយ និងមានទំនាក់ទំនងល្អជាមួយភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរមូលដ្ឋាន។

បន្ថែមពីនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទទាក់ទងនឹងគោលដៅនៃការធ្វើផែនការ អត្ថប្រយោជន៍នៃការធ្វើផែនការ និងប្រភេទផ្សេងៗ នៃការធ្វើផែនការមកធ្វើការចែករំលែក។

ជាកិច្ចបន្ត ក្រុមការងារមណ្ឌលសុខភាពពេជចង្វារ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើបទបង្ហាញពីការដឹកនាំ និងគ្រប់គ្រងមណ្ឌលសុខភាព រហូតបានក្លាយទៅជាមណ្ឌលសុខភាពគំរូ ក្នុងឆ្នាំ២០២៣ កន្លងមកផងដែរ៕

To Top