ព័ត៌មានជាតិ

សម្តេចតេជោ ៖ ប្រវត្តិសាស្រ្តរវាងកម្ពុជា-ឥណ្ឌួណេស៊ី គឺមានទំនាក់ទំនងយ៉ាងល្អ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាបានលើកឡើងថា ប្រវត្តិសាស្រ្តរវាងកម្ពុជានិងឥណ្ឌូណេស៊ី គឺមានទំនាក់ទំនងយ៉ាងល្អជាមួយគ្នា រហូតមកដល់បច្ចុប្បន្ន។

លោកជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងក្រោយសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក ហេណុក ពូរ៉ារ៉ូ សមាជិកព្រឹទ្ធសភាឥណ្ឌូណេស៊ី និងជាអនុប្រធានទី៣ នៃគណៈកម្មការសហប្រតិបត្តិការសភា ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ថា ក្នុងប្រវត្តិសាស្រ្តរវាងកម្ពុជា-ឥណ្ឌូណេស៊ី គឺមានទំនាក់ទំនងយ៉ាងល្អ និងរឹងមាំជាមួយគ្នា ហើយនាពេលបច្ចុប្បន្ននេះ ក៏ទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅតែបន្តល្អនិងស៊ីជម្រៅជាមួយគ្នាដដែល ។

អ្នកនាំពាក្យបន្តថា សម្តេចតេជោក៏បានលើកឡើងដែរ អំពីទំនាក់ទំនងនៅក្នុងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគដែលសម្តេចជំរុញឱ្យរដ្ឋាភិលបាលនៃប្រទេសទាំងពីរធ្វើ យ៉ាងជំរុញឱ្យទំនាក់ទំនងនេះ កាន់តែមានភាពបើកចំហរ និងអាចពង្រីកនូវពាណិជ្ជកម្មកាន់តែមានភាពកើនឡើងបន្ថែមទៀត ។

សម្តេចតេជោ ក៏បានបង្ហាញការពេញចិត្តជាខ្លាំង ចំពោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កើនឡើងជាលំដាប់ផងដែរ ។
ជាមួយគ្នានេះ សម្តេចតេជោក៏បានជំរុញឱ្យប្រទេសទាំងបង្កើនការហោះហើរត្រង់ជាមួយគ្នាឱ្យកាន់តែច្រើនឡើងថែមទៀត ដើម្បីជំរុញដល់វិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជនកាន់តែមានភាពមមាញឹកជាងមុន ។

ទន្ទឹមនឹងនោះផងដែរ សម្តេចតេជោក៏បានចែករំលែកអំពីទស្សនៈទាននូវការបង្កើតវេទិកាប្រធានព្រឹទ្ធសភាអាស៊ីអាគ្នេយ៍ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ និងប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ីផងដែរ ៕

To Top